(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ សហជីពដែលបានចុះបញ្ជីក្នុងក្រសួងការងារ មានការកើនឡើងដល់ទៅជិត៤,០០០ ដែលចំនួននេះ ត្រូវបានលោក អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជាកំណើនមួយដ៏ឆាប់រហ័សមិនធ្លាប់មានពីមុនមក។
លោករដ្ឋមន្រ្តី អ៊ិត សំហេង ថ្លែងបែបនេះ ធ្វើឡើងក្នុងនាមជាប្រធានគណៈកម្មាធិការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រសហគ្រាស-គ្រឹះស្ថាន និងជាប្រធានគណៈចលនាសហជីព ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការចុះបញ្ជីសហជីព»។
វគ្គបណ្ដុះបណ្ដាលស្តីពី ការចុះបញ្ជីសហជីពនេះ គឺដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម អំពីដំណើរការ និងតួនាទីភារកិច្ចរបស់ក្រសួងការងារ, របស់គណៈកម្មាធិការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រសហគ្រាស-គ្រឹះស្ថាន, តួនាទីរបស់គណៈចលនាសហជីព ក៏ដូចជាតួនាទីភារកិច្ចរបស់មន្ទីរការងារទាំង២៥រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព ព្រមទាំងទទួលបានចំណេះដឹងបន្ថែម និងចូលរួមផ្លាស់ប្តូរមតិយោបល់ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសការចុះបញ្ជីអង្គការវិជ្ជាជីវៈ នេះតែម្ដង។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា «រហូតមកដល់ពេលបច្ចុប្បន្ននេះ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ សរុបចំនួន ៣,៦២៦ ដែលក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៣,៤៩៧ សហព័ន្ធសហជីពមានចំនួន ១០៣ សហភាពសហជីពមានចំនួន ១៨ និងសមាគមនិយោជកចំនួន៨»។
លោកបានបន្តថា ដោយសារកំណើនដ៏ឆាប់រហ័សនៃចំនួន ចុះបញ្ជីរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា នេះហើយ ទើបតម្រូវឱ្យមានបទប្បញ្ញត្តិ និងវិធាននៃការចុះបញ្ជីឱ្យកាន់តែច្បាស់លាស់ជាចាំបាច់ ដើម្បីធានាឱ្យបាននូវការចុះបញ្ជី ប្រកបដោយភាពត្រឹមត្រូវ និងការគ្រប់គ្រងទិន្នន័យអង្គការវិជ្ជាជីវៈមួយ ដោយសុក្រឹតភាពបំផុត ស្របតាមច្បាប់ស្តីពីសហជីព។
លោករដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានជម្រាបអំពីគោលបំណងរបស់ច្បាប់ស្តីពីសហជីព រួមមាន៖
១.ផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស-គ្រឹះស្ថាន និងជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកនៅកម្ពុជា។
ចំណែកគោលបំណងទី២. គឺការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ ព្រមទាំងធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូហភាព រវាងកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឱ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕