(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមរយៈទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-អាល់ហ្សេរី លោកសង្ឃឹមថា ប្រទេសឥស្លាមដ៏ធំមួយនេះ នឹងជួយជ្រោមជ្រែង និង ទំនុកបំរុងបន្ថែមទៀត ដល់សាសនិកឥស្លាមកម្ពុជា។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ខណៈលោក ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ លោក Mohamed Barrah ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត អាល់ហ្សេរីថ្មីប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក អូស្មាន ហាស្សាន់បន្ថែមថា ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នាថា នឹងពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាដែលអាចធ្វើឲ្យសាសនាទាំងអស់ អាចរស់នៅជាមួយគ្នា បានយ៉ាងមានសេចក្តីសុខ ខណៈដែលប្រទេសមួយចំនួន មិនអាចធ្វើបាន។ ហើយលោកបានរៀបរាប់ថា រវាងកម្ពុជា និង អាល់ហ្សេរី គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយ តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម ស៊ីហនុ ហើយព្រះអង្គ គឺជាមិត្តជិទស្និទ្ធជាមួយថ្នាក់ដឹកនាំអាល់ហ្សេរីថែមទៀតផង។
លើសពីនេះទៅទៀត តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និង អាល់ហ្សេរី នាសម័យនោះ រដ្ឋាភិបាលអាល់ហ្សេរីក៏បាន ប្រសិទ្ធនាមទន្លេមួយនៅក្នុងប្រទេសខ្លួនថា «ផ្លូវព្រះសីហនុ» ថែមទៀតផង។ លោកបានបន្ថែមថា អាល់ហ្សេរីក៏បាន ត្រៀមរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បូករួមទាំងជំនួយមនុស្សធម៌នានា និង អាហារូបករណ៍ សម្រាប់ សិស្សនិស្សិតកម្ពុជាបន្តការសិក្សាផងដែរ។
ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់កម្ពុជា ចូលជាសមាជិកអង្កេតការរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) អាល់ហ្សេរី មិនដែលបានបដិសេធកម្ពុជាម្តងណាឡើយ តែអាហ្រិកខាងត្បូង ត្រូវបានបដិសេធដោយម៉ារ៉ុក ហើយទើបកម្ពុជាក៏មិនត្រូវ បានបញ្ចូលជាសមាជិកដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាល់ហ្សេរី កំពុងសាងសង់វិហារឥស្លាមធំជាងគេលើពិភពលោក ដែលមានកំពស់រហូតដល់ ២៣០ម និងអាចផ្ទុកមនុស្សបានរហូតដល់ ១២ម៉ឺននាក់ ចំណាយថវិកាជាង ៦ពាន់លានដុល្លារ ដែលគ្រោងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៧ ខាងមុខនេះ ហើយលោកឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថ្នាក់ដឹកនាំឥស្លាម កម្ពុជា ចូលរួមផងដែរ។
លោក អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះ អាល់ហ្សេរីសម្រាប់ អ្វីដែលអាល់ហ្សេរីបានប្តេជ្ញា និង សន្យា។ ពាក់ព័ន្ធទៅនឹងការអញ្ជើញពីសំណាក់លោកឯកអគ្គរដ្ឋទូត លោកក៏បានមាន ប្រសាសន៍ថា លោកនឹងពាំនាំលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងនាមជាបេសកជនពិសេស របស់កម្ពុជា ធ្វើទស្សនៈកិច្ច និងប្រគល់ជូនប្រធានាធិបតី អាល់ហ្សេរី ឆាប់ៗខាងមុខ៕