(កូរ៉េខាងត្បូង)៖ លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាត់ឲ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ពលករខ្មែរម្នាក់ ដែលរងគ្រោះថ្នាក់ការងារ ដោយចូលដៃទៅក្នុងម៉ាស៊ីនផលិតប្លាស្ទិករហូតដាត់ដៃ ឲ្យជួបសាច់ញាតិ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
យោងតាម Page Facebook របស់លោក ឡង់ ឌីម៉ង់ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានទាក់ទងជួបជាមួយប្អូនប្រុស និងប្រពន្ធរបស់ជនរងគ្រោះហើយ។ មូលហេតុដែលគ្រោះថ្នាក់ គឺណ្ដាលមកពី រអិលដួលហើយច្រត់ដៃទៅនឹងម៉ាស៊ីន ផលិតប្លាស្ទីក។
ជនរងគ្រោះ ឈ្មោះ ញៀន សុខរិទ្ធី បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Dankook ទីក្រុង Cheon An (041)។ លោក ញៀន សុខរិទ្ធី ជាពលករបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ Cheon An មានស្រុកកំណើត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
បន្ថែមពីលើនេះ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កំពុងសហការជាមួយមជ្ឈមណ្ឌល គាំពារពលករបរទេស ទីក្រុង Cheon An(041) ដើម្បីជួយគាត់តាមនីតិវិធីច្បាប់។ ក្រុមការងារស្ថានទូត នឹងចុះសួរសុខទុក្ខគាត់ ហើយនាំយកថវិកាសង្គ្រោះបឋមរបស់សម្ដេចតេជោ ហ៊ុន សែន និងថវិការបស់មូលនិធិពលកររបស់ស្ថានទូតផ្ដល់ជូនជនរងគ្រោះនៅថ្ងៃ ស្អែក ឬថ្ងៃទី០៥ ខែធ្នូ ខាងមុខនេះ៕