(ភ្នំពេញ)៖ សមគមគ្រូពេទ្យកម្ពុជា នៅថ្ងៃសៅ ទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំទិវាវេជ្ជសាស្ត្ររោគកុមារវិទ្យា លើកទី១៩ ក្រោមអធិបតីភាព របស់លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមានការចូលរួមពីបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលជាសាជិកសមាគមគ្រូពេទ្យ កុមារកម្ពុជា សរុបជាង៣០០នាក់ រួមទាំងអ្នកជំនាញរោគកុមារ នៃបណ្តាប្រទេសក្នុងតំបន់ ដូចជាសិង្ហបុរី និងវៀតណាម ដែលរៀបចំឡើងនៅ សណ្ឋាគារភ្នំពេញ។
សមាគមគ្រូពេទ្យកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ទិវានេះតែងតែត្រូវបានប្រារព្ធឡើងយ៉ាងទៀងទាត់ ក្នុង១ឆ្នាំពីរដង ក្នុងគោលបំណង ដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេស ផ្នែករោគកុមារទាំងក្នុងប្រទេស និងក្នុងតំបន់បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៏រវាងគ្នា ក៏ដូចជាផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ ដើម្បីរកឃើញនូវបទពិសោធន៍ល្អ សម្រាប់ជាទុន ក្នុងការអភិវឌ្ឍចំណេះដឹងវេជ្ជសាស្ត្ររោគកុមារ។
លើសពីនេះទៅទៀត សន្និសីទនេះ ក៏បានលើកយកប្រធានបទសំខាន់ៗចំនួន៥ មកបង្ហាញដូចជា៖
- ការស្រាវជ្រាវអំពីជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត នៅលើទារកទើប និងកើតនៅមន្ទីពេទ្យកាល់ម៉ែត។ ការបង្ហាញពីលទ្ធផលនៃការតាមដាន និងបន្តការថែជំងឺកង្វះអ័រម៉ូនទីរ៉ូអ៉ីតនេះ នៅពេលកុមារចម្រើនវ័យ នៅមន្ទីរពេទ្យគន្ធបុប្ផា។
- ការស្វែងរកមូលហេតុនៃការឆ្លងរោគផ្សេងៗ នៅលើកុមារទើបនឹងកើត ការឆ្លងរោគផ្សេងនៅលើកុមារដែលសម្រាកពេទ្យ នៅមន្ទីរពេទ្យកុមារអង្គរ។
- ការបង្ហាញអំពីវឌ្ឍនភាពនៃការព្យាបាលជំងឺមហារីក នៃកុមារាររបស់មន្ទីពេទ្យកាល់ម៉ែត។
- ការបង្ហាញអំពីការធ្វើរោគវិនិច្ឆ័យរហ័ស នៃជំងឺគ្រុនឈាម ដោយតេស្ត NS1 នៅមន្ទីពេទ្យខេត្តកំពង់ចាម។
- ការបង្ហាញអំពីជំងឺដំបៅអំបែកត្រចៀករុំារ៉ៃ ដោយសារមេរោគផ្សេង និងការព្យាបាលវា នៅមន្ទីពេទ្យគន្ធបុប្ផា។
រាល់ប្រធានបទ ដែលសន្និសីទលើកមកបង្ហាញ សុទ្ធតែមានសារសំខាន់សម្រាប់សមាជិកអង្គសិក្ខាសាលាស្វែងយល់ រៀនសូត្រ និងផ្លាស់ប្តូរនូវទស្សនៈ ចំណេះដឹងរវាងគ្នា ដើម្បីរកឃើញនូវបទពិសោធន៍ល្អ សម្រាប់ជាទុន ក្នុងការអភិវឌ្ឍន៍ចំណេះដឹងវេជ្ជសាស្ត្ររោគកុមារ។
ក្នុងឱកាសនោះ លោកសាស្ត្រចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានសំណូមពរឲ្យសមាជិកសន្និសីទទាំងអស់ នាំនូវចំណេះដឹងថ្មី ពីសន្និសីទនេះ ដើម្បីផ្សព្វផ្សាយដល់ក្រុមគ្រូពេទ្យផ្សេងទៀត ក្នុងការចូលរួមចំណែក ធ្វើឲ្យកាន់តែប្រសើរដល់សុខភាពរបស់កុមារ៕