Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចំរុះស្រុកស្អាង ចុះបង្ក្រាបបទល្មើសនេសាទ នៅស្ទឹងកូនជ្រែ និងស្ទឹងព្រែកគ្រោះ, មន្រ្តីជលផលថា ពលរដ្ឋក្រីក្រលួចដាក់

03-12-2016 13:55

(កណ្តាល)៖ គណៈបញ្ជាឯកភាពស្រុកស្អាង ខេត្តកណ្តាល សហការជាមួយកម្លាំងរដ្ឋបាលជលផល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបរបាំងដាក់ដាយត្រី នៅចំណុចស្ទឹងកូនជ្រែ និងស្ទឹងព្រែកគ្រោះ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង។

លោក ញ៉ែម វន្ថា អភិបាលរងស្រុកស្អាង ដែលដឹកនាំកម្លាំងចម្រុះ បានប្រាប់អ្នកយកព័ត៌មានថា «របាំងដាក់ដាយត្រីនៅចំណុចស្ទឹងកូនជ្រែមួយចំនួន ត្រូវកាប់រុះរើកម្ទេច ចោលចំណែករបាំងចំនួន៩របាំងទៀត នៅចំណុចស្ទឹងព្រែកគ្រោះ យើងទុករយះពេលចំនួន១ថ្ងៃ សម្រាប់ឲ្យម្ចាស់របាំងចុះរុះរើដោយខ្លួនឯង ប៉ុន្តែបើផុតរយះពេល១ថ្ងៃ ក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះ មិនធ្វើការរុះរើ យើងនឹងដឹកនាំកម្លាំងចុះ រុះរើកម្ទេចចោលជាមិនខាន មិនអាចទុកបានទេ គឺដើម្បីរក្សាប្រយោជន៍សាធារណៈ»

ចំណែកលោក វិត ធារិទ្ធិ នាយខណ្ឌជលផល ខេត្តកណ្តាល បានបញ្ជាក់ថា អ្នកនេសាទទាំងនោះសុទ្ធតែប្រជាពលរដ្ឋក្រីក្រ គឺពួកគេដាក់ដាយ ដើម្បីយកត្រីទៅចែកគ្នាធ្វើផ្អកធ្វើប្រហុកតែប៉ុណ្ណោះ ដូច្នេះពិបាកចុះបង្ក្រាប និងរឹបអូសយកឧបករណ៍ទាំងនោះ​ មកកម្ទេចចោលណាស់។

ប្រជាពលរដ្ឋធ្លាប់ប្រកបរបរនេសាទនេះ បាននិយាយថា ឧបករណ៍សម្រាប់ដាក់ដាយត្រីនេះក្នុងមួយរបាំង គឺចំណាយចង់ខ្ទង់ពាន់ដុល្លារ ទើបអាចធ្វើបាន ដូច្នេះអ្នកក្រីក្រមិនអាចធ្វើបាន។

ប្រជាពលរដ្ឋបានបន្តថា ក្នុង១ដាយលើកម្តង បានត្រីទាំងតូចទាំងធំ រាប់រយគីឡូក្រាម ត្រីនុយទាំងទូកៗ ចំណែកពួកគាត់ជាអ្នកក្រីក្ររស់នៅ ក្បែរស្ទឹងនេះសូម្បី តែចង្វាមួយក៏មិនដែលទទួលបានយកមកធ្វើផ្អកឬប្រហុកដែរ។

ប្រជាពលរដ្ឋពលរដ្ឋបានបន្តថា អ្នកដាក់ដាយត្រី ក្នុងស្ទឹងទាំងពីរនេះបាន គឺសុទ្ធតែខ្សែទុយយោមន្ត្រីជលផល ទើបគេអាចដាក់ទៅបានដោយរលូនបែបនេះ៕