(ភ្នំពេញ)៖ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានចូលរួមចែករំលែកបទពិសោធន៍ ក្នុងសមាជអន្តរជាតិស្តីពី «អរិយធម៌ពិភពលោក និងការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍» ក្រោមប្រធានបទ «ការគ្រប់គ្រងទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ»។
លោក សុខ សង្វារបន្តថា ទាំងនេះសបញ្ជាក់ឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបរមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោក ដែលមានការគ្រប់គ្រងក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងអង្គការយូណេស្កូ (UNESCO) និងអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សមាជអន្តរជាតិស្តីពី «អរិយធម៌ពិភពលោក និងការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍» រៀបចំធ្វើ នៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងសូហ្វីយ៉ា នៃសាធារណរដ្ឋប៊ុលការី។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសមាជនេះ ក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលការី បានសហការជាមួយ អង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីតួនាទីវិស័យទេសចរណ៍ក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាក្នុងការចូលរួមផ្តល់ ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម។ សមាជនេះមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មកពី៤០ប្រទេសជុំវិញពិភពលោក។
សូមរំលឹកឡើងវិញថា សមាជអន្តរជាតិទេសចរណ៍ ដែលរៀបចំឡើងនៅក្រុងសូហ្វីយ៉ា នៃសាធារណរដ្ឋប៊ុលការីនេះ គឺឆ្លើយតបទៅនឹងសេចក្តីប្រកាសសៀមរាប «Siem Reap Declaration» ដែលបានអនុម័តដោយអង្គការយូណេស្កូ(UNESCO) និងអង្គការទេសចរណ៍ពិភពលោក(UNWTO) នៅក្នុងមហាសន្និបាតពិភពលោកស្តីពី «ទេសចរណ៍ និងវប្បធម៌» ក្រោមប្រធានបទ «ការកសាងភាពជាដៃគូ» ដែលបានប្រព្រឹត្តទៅនៅលើទឹកដីសៀមរាបអង្គរ កាលពីដើមឆ្នាំ២០១៥ កន្លងមក៕