(ភ្នំពេញ)៖ គ្រូបង្រៀនមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាម្នាក់ ដែលបង្រៀននៅវិទ្យាល័យពងទឹក រងការចោទប្រកាន់ពីសំណាក់ អាណាព្យាបាលសិស្សថា បានធ្វើការគាបសង្កត់ និងបង្ខំឲ្យសិស្សទិញក្រដាសមេរៀន និងបង់លុយថ្លៃធ្វើវិញ្ញាសា ប្រចាំខែជាដើម។
គ្រូបង្រៀនដែលរងការចោទប្រកាន់នេះ មានឈ្មោះ លោក ជួប រតនា ជាគ្រូបង្រៀនមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា ថ្នាក់ទី១១ នៃវិទ្យាល័យពងទឹក ស្ថិតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ប្រភពពីអាណាព្យាបាល ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គ្រូបង្រៀនខាងលើបានព្យាយាម ធ្វើការគាបសង្កត់តាមរយៈ រូបភាពទិញសម្លឹកមេរៀន ដែលគ្រូបង្រៀនរូបនេះ បានថតចម្លងលក់នៅម៉ោងបង្រៀន ដែលក្នុងមួយម៉ោងគ្រូរូបនេះ បានតម្រូវឲ្យសិស្សទិញក្រដាសមេរៀនសរសេរដៃ មានប្រមាណបួនទំព័រក្នុងតម្លៃ២ពាន់រៀល ហើយសិស្សម្នាក់ៗ ត្រូវតែទិញសម្រាប់មេរៀននេះ ហើយការទិញគឺរៀងរាល់ត្រូវម៉ោងសិក្សា ជាមួយលោកគ្រូរូបនេះ ក្នុងមួយសប្តាហ៍ចំនួន២ម៉ោង។
ក្រៅពីការលក់មេរៀនគ្រូរូបនេះ ក៏តម្រូវឲ្យសិស្សបង់ថ្លៃប្រឡងប្រចាំខែម្នាក់ៗ យ៉ាងតិចចំនួន១ពាន់រៀល។ មិនតែប៉ុណ្ណោះគ្រូបង្រៀនរូបនេះ ក៏ត្រូវបានសិស្សរិះគន់ទាក់ទិន ទៅនឹងវិជ្ជាជីវៈក្នុងការបង្រៀនពិសេស ការប្រើប្រាស់ពាក្យពេចសម្តី មិនសមរម្យ នៅក្នុងថ្នាក់រៀនផងដែរ។
អាព្យាបាលសិស្សខាងលើ បានបញ្ជាក់ដែរថា គ្រូបង្រៀនរូបនេះត្រូវបានសិស្សនៅវិទ្យាល័យពងទឹក បានដឹងនិងស្គាល់ និងដាក់រហ័សនាមថា ជាគ្រូមុខលុយផងដែរ។ មានការលើកឡើងដែរថា ក្នុងចំណោមគ្រូបង្រៀនជិត១០០នាក់ នៅវិទ្យាល័យនេះ គឺមានតែគ្រូម្នាក់នេះប៉ុណ្ណោះ ដែលហ៊ានលក់ក្រដាសមេរៀនជាច្រើនឆ្នាំមកហើយ បើទោះបីជាគ្រូខាងលើធ្លាប់ត្រូវ បាននាយកសាលា ធ្វើការអប់រំណែនាំជាច្រើនលើកច្រើនសារ។ អ្វីដែលអាព្យាបាល ក៏ដូចជាសិស្សានុសិស្ស នៅសាលានេះមិនហ៊ានទម្លាយរឿងនេះ ព្រោះតែយល់យោគដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូដែលបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ។
អ្វីដែលអាណាព្យាបាលសិស្សធ្វើការរិះគន់ផងដែរ ព្រោះតែលោកគ្រូ ជួប រតនា បានប្រព្រឹត្តិអំពើដែលខុសឆ្គង ទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូបង្រៀន និងជាគំរូមិនល្អដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។ កាន់តែសង្វែក គឺគេអាណិតដល់សិស្សដែលគ្មានលទ្ធភាព ទិញសន្លឹកកិច្ចការ និងបង់ជូនគ្រូខាងលើ ព្រោះតែសិស្សមួយចំនួន ដែលសិក្សានៅវិទ្យាល័យនេះ មានជីវភាពក្រីក្រ ហើយសិស្សខ្លះជាក្មេងកំព្រា ដែលកំពុងស្នាក់អាស្រ័យជាមួយនឹងអង្គការមួយចំនួន ដែលគួរណាស់តែ ទទួលបានក្តីអាណិតអាសូរ ពីគ្រូបង្រៀនរូបនេះ។
មានការលើកឡើងដែរថា គ្រូបង្រៀនរូបនេះនៅតែបន្តគាបសង្កត់ សិស្សជាច្រើនឆ្នាំបន្តបន្ទាប់រហូត មានការរិះគន់ខ្លាំងៗពីមជ្ឈដ្ឋានខាងក្រៅ មកលើសាលា និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេះ។
ប្រភពដដែលលើកឡើងដែរថា គ្រូបង្រៀនរូបនេះមិនមែនខ្វះខាតផ្នែកជីវភាព ដែលធ្វើឲ្យសិស្ស និងអាព្យាបាលអាណិតអាសូរទេ ផ្ទុយទៅវិញគ្រូបង្រៀនរូបនេះ មានលទ្ធភាពជិះរថយន្តទំនើប ម៉ាក High Lander តម្លៃជិត២ម៉ឺនដុល្លារអាមេរិក ជិះយ៉ាងរំភើយ ដោយមិនគិតពីសុខទុក្ខ របស់សិស្សដែលប្រឈមនិងជីវភាព។
អាណាព្យាបាលដែលទម្លាយរឿងនេះ ក៏សំណូមពរឲ្យមន្ត្រីថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាធ្វើការអប់រំណែនាំ និងបំបាត់ចោលនូវអំពើដែលសង្គមស្អប់ខ្ពើម និងនាំឲ្យខូចខាត់ដល់កិត្តិយស គ្រូបង្រៀនដទៃផងដែរ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អង្គភាព Fresh News មិនទាន់បានទំនាក់ទំនង លោកគ្រូ ជួប រតនា ដើម្បីសុំការបំភ្លឺបានទេ ប៉ុន្តែអង្គភាព Fresh News រីករាយបំភ្លឺគ្រប់ពេល៕