(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ដែលមានលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ជាប្រធានមូលនិធិ បានជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តចំនួន ១៦០នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែធ្នូ ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សា សុខភាពឲ្យបានល្អគ្រប់គ្នា។
មូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់នេះ គឺមានការផ្តួចផ្តើមធ្វើឡើងពីសំណាក់លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះ ជួយខេត្តប៉ៃលិន និងលោកស្រីអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយរៀងរាល់ខែក្នុងថ្ងៃទី៣ នៃខែនិមួយៗ លោក និងលោកស្រីបាន ផ្តល់ជាប្រាក់ឧបត្ថម្ភដល់លោកឪពុក អ្នកម្តាយដែលមានវ័យចាស់ជរា ហើយមានជីវភាពខ្វះខាតជាប់ជាប្រចាំ ដោយមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។
ក្រៅពីមូលនិធិនេះ លោក អ៊ី ឈាន និងលោកស្រីអ្នកតំណាងរាស្រ្ត តែងតែជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនូវជីវភាពខ្វះខាត ជនងាយរងគ្រោះ ជនរងគ្រោះ ស្រ្តីមេម៉ាយ ស្រ្តីសម្រាលកូន កុមារកំព្រារ ជាបន្តបន្ទាប់ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងទុក្ខ ឬស្លាប់បាត់បង់អាយុជីវិតឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះលោកយាយលោកតាដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ មានចំនួន១៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះលោកយាយ លោកតា ដែលមានទីលំនៅឆ្ងាយពិបាកធ្វើដំណើរ គឺក្រុមការងារបានយកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផងដែរ៕