(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលរងខេត្ត បាត់ដំបង បានដឹកនាំគណៈកម្មការចម្រុះចុះយុទ្ធនាការចាប់ឃាត់រថយន្តដឹកទំនិញលើសទម្ងន់តទ្រុងខុសបច្ចេកទេសនៅលើដងផ្លូវជាតិឲ្យកាត់ចេញវិញ នាព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦ នៅចំណុចផ្លូវវាងក្រុងលេខ៥៧ ស្ថិតក្នុងចន្លោះភូមិវត្តតាមិមឃុំអូរដំបង១ស្រុកសង្កែនិងភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។
គណៈកម្មការចម្រុះនេះក៏មានការអញ្ជើញចូលរួមពីលោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងអាវុធហត្ថ កម្លាំនគរបាលចរាចរណ៍ មន្រ្តីជំនាញមួយចំនួនទៀត។
លោក ខាន់ ម៉ាណេរ បានឲ្យដឹងថា យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោកនិងក្រសួងសាធារណការ និងដឹកជញ្ជូនកន្លងមក មន្ទីរសាធារណការខេត្តជាមន្ទីរជំនាញ បានធ្វើការផ្សព្វផ្សាយជាច្រើនខែមកហើយ និងលើកចុងក្រោយបានផ្សព្វផ្សាយសារាចរណែនាំនៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក៏ដូចជានៅតាមយានដ្ឋានកែឆ្នៃរថយន្តក្នុងខេត្តតាំងពីខែកញ្ញា ឆ្នាំ២០១៦ និងទុកពេលឲ្យម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទកាត់ទ្រុងដែលបានកែឆ្នៃរួចដោយស្ម័គ្រចិត្ត ដែលរថយន្តខ្លះបានតខុសបច្ចេកទេសដូចជា មានទទឹងធំជាង បណ្តោយវែង និងកម្ពស់ លើសកំណត់ខុសពីសភាពដើម ហើយបានដឹកធ្ងន់ ដែលបង្កឲ្យឆាប់ខូចផ្លូវថ្នល់ជាតិ បង្កគ្រោះថ្នាក់ចរាចរណ៍ ខូចសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាដើម។
លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា បន្ទាប់ពីបានផ្សព្វផ្សាយនិងការណែនាំនេះបានផុតកំណត់ហើយនោះ គណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកនិងមន្ទីរជំនាញបានចុះអនុវត្តជាក់ស្តែងទៅលើរថយន្តណា ដែលនៅរឹងទទឹងមិនទាន់បានកាត់ទ្រុងចេញ នៅតែបន្តដឹកទំនិញលើសកំណត់ដដែលនេះ គឺក្រុមការងារបច្ចេកទេសយើងបានចុះចាប់ឃាត់រថយន្តណា ដែលបានបើកបរឆ្លងកាត់តាមផ្លូវជាតិ ដែលជាជំហានដំបូង គឺឲ្យម្ចាស់រថយន្តទាំងនោះរើទំនិញចុះ សាងរថយន្ត កាត់កន្លែងដែលលើសខុសបច្ចេកទេសជានិមត្តិរូប ឲ្យធ្វើកិច្ចសន្យា ទៅកាត់រថយន្តខ្លួនឯងដោយស្ម័គ្រចិត្ត រហូតដល់អស់ ក្នុងករណីបើមានរថយន្តណាមិនព្រមកាត់ មិនគោរពច្បាប់ គឺកម្លាំងចម្រុះត្រូវបានចាប់ជាលើកទី២នោះ គឺត្រូវឃាត់ទុកជាបណ្តោះអាសន្នមិនឲ្យធ្វើចរាចរណ៍លើដងផ្លូវរយៈពេលយូរតែម្តង។
លោក ខាន់ ម៉ាណេរ បានបន្តថា ថ្មីៗកន្លងទៅនេះមន្ទីរជំនាញបានចុះឃាត់រថយន្តខុសបច្ចេកទេសនេះនៅតាមយានដ្ឋានកែឆ្នៃបានជាង១០គ្រឿង ទើបតែកាត់ទ្រុងបានចំនួន៦គ្រឿងហើយ និងបន្តធ្វើជាប្រចាំបន្ថែមទៀត ដើម្បីសណ្តាប់ធ្នាប់សុវត្តិភាពចរាចរណ៍ផ្លូវគោកផង និងដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
នៅក្នុងយុទ្ធនាការនេះដែរ លោក ងួន រតនៈ អភិបាលរងខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដឹកទំនិញទាំងអស់ មេត្តាចូលរួម គោរពច្បាប់ និងមានសុវត្តិភាពទាំងអស់គ្នា ។
លោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងអនុវត្តជាក់ស្តែងកាត់ទ្រុងរថយន្តណាដែលបានធ្វើចរាចរណ៍លើផ្លូវជាតិទាំងអស់ នាថ្ងៃនេះ ក្នុងគោលបំណងរឹតបន្តឹងច្បាប់ មិនមែនធ្វើដើម្បីបុគ្គលណាម្នាក់ឡើយ គឺធ្វើដើម្បីប្រជាពលរដ្ឋយើងមានសុវត្តិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង និងកាត់បន្ថយបង្កឲ្យឆាប់ខូចផ្លូវជាតិផង។
លោកអភិបាលរងខេត្តបានបន្តថា ចាប់ពីថ្ងៃនេះទៅ ម្ចាស់រថយន្តណាដែលបានតទ្រុងខុសបច្ចេកទេសដើមសូមមេត្តាយករថយន្តទៅកាត់ទ្រុងដោយខ្លួនឯងទាំងអស់គ្នាឲ្យបាឆាប់បំផុត ពេលកាត់ហើយទើបអាចបន្តធ្វើចរាចរណ៍លើដងផ្លូវជាតិបាន ជៀសវាងសមត្ថកិច្ចជំនាញឃាត់រថយន្តដែលបានធ្វើកិច្ចសន្យាហើយជាលើកទី២ ។ យើងទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ សុវត្តិភាពជាចំបងសម្រាប់យើងទាំងអស់គ្នា៕