(ភ្នំពេញ)៖ តែក្នុងរយ:ពេល៥ម៉ោងប៉ុណ្ណោះ សៀវភៅចំនួន១ពាន់ក្បាល ដែលបានដាក់លើតុនៅឯពិព័ណ៌សៀវភៅឆ្នាំនេះ ត្រូវបានអ្នកចូលរួមចោមរោមស្នើសុំ «ហ្មត់ដូចអាចម៍ទីទុយ» ។
សៀវភៅ «ក្រមង៉ុយ» ជាស្នាដៃរបស់អ្នកប្រាជ្ញវោហារសាស្ត្រខ្មែរ ហើយដែលត្រូវបានលោក ពុយ គា ជាអ្នកសារព័ត៌មានខ្មែរ និងជាអ្នកស្រាវជ្រាវមួយរូបបានរៀបរៀង បោះពុម្ពផ្សាយឡើងវិញ ត្រូវបានចែកជូនដល់អ្នកដែលនិយមអានសៀវភៅ នៅឯពិព័ណ៍សៀវភៅកម្ពុជានៅបណ្ណាល័យជាតិ នៅថ្ងៃទី ២-៤ ខែធ្នូ ២០១៦។
ដោយសារតែមានការចាប់អារម្មណ៌ច្រើនពីមហាជន ស្តង់សៀវភៅរបស់លោក ពុយ គា ត្រូវបានអ្នកចូលរួមពិព័ណ៌សៀវភៅ «ចោមរោមរហូតដល់បាក់តុអស់មួយ» ។
សៀវភៅចំនួន១ពាន់ក្បាលដែលចែកជូននៅថ្ងៃទី១ និងចំនួន១ពាន់ក្បាលទៀតសម្រាប់ចែកជូននៅថ្ងៃទី២ និងទី៣ គឺជាអំណោយរបស់សប្បុរសជន ដែលបានចូលរួមជាមួយលោក ពុយ គា តាមរយៈការជួយចេញថ្លៃបោះពុម្ព (ឈ្មោះសប្បុរសជនមានភ្ជាប់ នៅលើសៀវភៅទាំងនោះស្រាប់)។
លោក ពុយ គា បាននិយាយថា «សូមដាក់លក្ខខណ្ឌមួយដល់បងប្អូន ដែលទទួលបានសៀវភៅរបស់ខ្ញុំទាំងអស់ មេត្តាអានឲ្យបានមួយចប់យ៉ាងតិច»។
ទន្ទឹមនឹងនេះ លោក ពុយ គា សូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយលោកក្នុងបំណងតែមួយ គឺចូលរួមលើកទឹកចិត្តឲ្យ មានអ្នកអានសៀវភៅកាន់តែច្រើននៅកម្ពុជា ។ លោកបន្តថា «ប្រជាជាតិមួយនឹងរីកចំរើនលឿន បើសិនជាមានអ្នកចេះដឹងច្រើន»។
សៀវភៅកម្រាស់ ១៤១ទំព័រ ជាកំរងកំណាព្យចុងជួនតាំងពីដើមដល់ចប់ បានបង្កប់នូវអត្ថន័យអប់រំនិងរំលឹកដាស់តឿនដល់មនុស្សស្ទើរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យទាំងអស់ និងជាពិសេសយុវជនឲ្យស្គាល់បុណ្យ ស្គាល់បាប ស្គាល់ចាស់ ស្គាល់ទុំ ។
កំណាព្យរបស់ក្រមង៉ុយ ត្រូវបានចាស់ៗនិងគ្រូបង្រៀនលើកមកតំណាលតៗគ្នាឲ្យកូនចៅនិងសិស្សស្តាប់នូវឃ្លាប្រយោគដែលពេញនិយមជាច្រើនដូចជា ៖
* បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។
* កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្តិ ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយម៉ាត់ ឲ្យគិតមួយម៉ោង។
* កុំឃ្លានចំណី កុំខ្លាចអត់ប្តី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រលះ មិនខ្វះគេស្តី។
* កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។
* កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្ដិយស កុំឆ្លៀតនាំ ឈ្លោះ ញុះញង់អ្នកធំ។
សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១២៩០៨៨៤០/០១៥៣៣៦៧៨៩៕