(កំពត)៖ ក្រោយមានហេតុការណ៍អគ្គិភ័យឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត នៅខណ្ឌទួលគោក រាជធានីភ្នំពេញនោះ ស្រាប់តែនៅទីរួមខេត្តកំពត ខេត្តកំពត ក៏មានករណីឆេះកន្លែងជួសជុលរថយន្ត និងលក់គ្រឿងបន្លាស់រថយន្តមួយដែរ នៅវេលាម៉ោង១០:២០នាទី ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ ដោយរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ករណីនេះបានកើតឡើងស្ថិតនៅភូមិ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ករណីនេះ បានបណ្តាលឲ្យឆេះរថយន្តតាកូម៉ាមួយចំហៀង និងសម្ភារគ្រឿងបន្លាស់រថយន្ត មួយចំនួន ដោយមិនមានរងគ្រោះដល់មនុស្សឡើយ។
បើតាមលោកស្នងការ មូលហេតុ មកពីជាងផ្សារថយន្ត រួចឆាបសាំងឆេះតែម្តង ។ ខណៈហេតុការណ៍កើតឡើង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញពន្លត់ទាន់ពេល៕