(ភ្នំពេញ)៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានធ្វើការបណ្ដេញជនជាតិវៀតណាមចំនួន ០៤នាក់ប្រុស ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយពីពួកគេទាំងនោះបាន អនុវត្តន៍ទោសក្នុងពន្ធនាគាររួចរយះពេលចំនួន06ខែ នៅព្រឹកនេះ យើងបានបណ្តេញពួកគេចេញពីកម្ពុជាហើយ។
បើតាមលោកឧត្តមសេនីយ៍ ជនជាតិវៀតណាមទាំង ០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនមកពីខេត្តកោះកុង ពីបទលួចឆ្លងដែនចូលប្រទេសកម្ពុជា(គ្មានលិខិតឆ្លងដែន) ចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកសមុទ្ទ ស្រុក កោះស្តេច ខេត្តកោះកុង ។
លោកថា «ពួកគេប្រើប្រាស់ទូកគូរអូសអួនដោយមានភ្ជាប់ចរន្តអគ្គីសនី ត្រូវបានឃុំខ្លួនកាលពី ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦ ហើយសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមេត្រាទី ២៩ នៃច្បាប់អន្តោប្រវេសន៍ សម្រេចផ្ដន្ទារទោសដាក់ពន្ធនាគាររយៈពេល ០៦ខែ ពីបទលួចឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត្ត (គ្មានលិខិតឆ្លងដែន)»៕