(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត ថ្លែងក្នុង ពិធីបើកវគ្គរៀនសូត្រអប់រំនយោបាយ នៅព្រឹកពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ថា ដើម្បីឆ្លើយតបស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ការងារអប់រំនយោបាយរបស់គណបក្ស គឺជាផ្នែកមួយ នៃការងារសតិអារម្មណ៍របស់បក្ស ដ៏មានសារៈសំខាន់។ ការអប់រំនយោបាយនេះ គឺអនុលោមទៅតាម គោលការណ៍របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថាក្នុងពិធីបើកវគ្គអប់រំនយោបាយជូនសមាជិកបង្គោលរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយនានាដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ពោលគឺធ្វើយ៉ាងណា ស្វែងរកនូវជោគជ័យ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨។
បន្ថែមពីលើនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើទៅដល់សិក្ខាកាមទទួលការអប់រំនយោបាយទាំងអស់ថា ការងារអប់រំនយោបាយត្រូវតែផ្សព្វផ្សាយ និងធ្វើឲ្យជ្រូតជ្រាបដល់មន្ត្រីគណបក្ស គ្រប់លំដាប់ ថ្នាក់ទាំងអស់ ពិសេសមន្ត្រី ដែលកំពុងបំពេញតួនាទីនៅក្នុងអង្គការចាត់តាំងបក្ស អង្គការរដ្ឋស្ថាប័នផ្សេងៗ និងអង្គការយុវជនរបស់បក្ស ដើម្បីឲ្យ គណបក្សគ្រប់លំដាប់ ថ្នាក់មានការឯកភាពគ្នាទាំងខាងការយល់ដឹងផ្នែកទស្សនៈ និងសតិអារម្មណ៍។
លោកបណ្ឌិតបានបន្ថែមថា ក្នុងបរិបទដែលប្រទេសអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស គណបក្សនយោបាយដែលអាចក្លាយជាគណបក្សកាន់អំណាចក្នុងអាណត្តិនីមួយៗ បានលុះត្រា តែ គណបក្សនោះមាន ការគាំទ្រច្រើនពីសំណាក់ប្រជាជន តាមរយៈការបោះឆ្នោតដោយ សេរី និងយុត្តិធម៌។
គួរបញ្ជាក់ថាវគ្គអប់រំនយោបាយនេះ បានធ្វើឡើងរយៈពេលបីថ្ងៃ គឺថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពី សិក្ខាកាមប្រមាណ ៣០០នាក់។ ប្រធានបទ ដែលលើកបង្ហាញ នៅក្នុងវគ្គអប់រំនយោបាយនេះ រួមមាន៖ ១- ប្រវត្តិ សកម្មភាព ស្នាដៃ និង បទពិសោធន៍របស់គណបក្សប្រជាជនកម្ពុជា, ២- ការយល់ដឹងមួយចំនួនអំពីលក្ខន្តិកៈគណ បក្សប្រជាជនកម្ពុជា, ៣- សភាពការណ៍កម្ពុជា និង បណ្តាភារកិច្ចចំពោះមុខ, ៤- ការកសាងអត្តចរិក សីលធម៌ល្អ ប្រពៃរបស់មន្រ្តីគណបក្ស និង ៥- គោលការណ៍គ្រឹះ នៃកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា៕