(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដ៏កំណាច ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ត ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលបានកើតឡើង តាំងពីវេលាម៉ោងជិត៥ទាបភ្លឺ ហើយបានរលត់ទៅវិញ នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ព្រមទាំងខូចខាតគិតជាទឹកប្រាក់ រហូតខ្ទង់លានដុល្លារឯណោះ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ដែលបានចូលរួមដឹកនាំកម្លាំងពន្លត់អគ្គិភ័យមួយនេះ បានបញ្ជាក់ថា សម្រាប់ទំហំ នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្តចំនួន៣១គ្រឿង មកពីក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងមជ្ឈមណ្ឌលកោះពេជ្រ ដោយបានប្រើទឹកអស់ចំនួន៧៥រថយន្ត។
លោកឧត្តមសេនីយ៍ នេត វន្ថា បានបន្តទៀតថា ចំពោះការខូចខាតវិញ គឺអគ្គិភ័យនេះបានបំផ្លាញ និងប៉ះពាល់ផ្ទះលក់គ្រឿងបន្លាស់រថយន្ត ចំនួន១៦ខ្នង (១៦ល្វែង) ក្នុងនោះខូចខាត១០០ភាគរយ មានចំនួន១២ខ្នង ដែលគិតជាទឹកប្រាក់ ទៅអាចដល់ខ្ទង់លានដុល្លារឯណោះ។
បើតាមលោកឧត្តមសេនីយ៍ ផ្ទះកើតហេតុដំបូងនោះ ទើបតែនាំចូលគ្រឿងបន្លាស់រថយន្ត (ក្បាលឡាន) កាលពីយប់មិញ ដែលមានតម្លៃមួយគ្រឿងជាង១០ម៉ឺនដុល្លារ។
យ៉ាងណាក៏ដោយទាំងលោក នេត វន្ថា និងលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក មិនទាន់អាចបញ្ជាក់បានទេថា គ្រោះអគ្គិភ័យមួយនេះ បង្កដោយមូលហេតុអ្វីឡើយ ដោយនៅពេលនេះ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងសួរនាំម្ចាស់ផ្ទះរងគ្រោះ និងសាក្សីសិន។
លោក ហ៊ុន សុធី បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃដដែលនេះ ភ្លើងមិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយនៅឆេះសម្ភារខាងក្នុងនៅឡើយ តែមិនខ្លាំងទេ ខណ:រថយន្តពន្លត់អគ្គិភ័យ កំពុងនៅចាំជួយបាញ់ពន្លត់។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៤៖៤៨នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ត តាមបណ្តោយផ្លូវ១៨៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ហើយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បានចូលរួមអន្តរាគមន៍ភ្លាមៗផងដែរ៕