(ភ្នំពេញ)៖ បណ្តាញអ្នកជំនួញអន្តរជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា BNI Cambodia បានរៀបចំពិធីជួបជុំប្រចាំឆ្នាំរបស់ខ្លួនពេញមួយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ Intercontinatal ធ្វើឡើងក្រោមអធិបតីភាព លោក សុខ ស៊ីសុផាន់ណា ទីកប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា រួមនឹង សមាជិកជាអ្នកជំនួញនៅក្នុងស្រុក និងBM ASean ប្រមាណជាង៣០០នាក់ចូលរួម ចែករំលែកបទពិសោធន៍ និងឱកាសការងារពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។
លោក ឡុក ស្មិតសាមឌឺ ជានាយកបណ្តាញអ្នកជំនួញអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា BNI Cambodia ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា ជាលើកដំបូងតាមរយៈការទិញសិទ្ធិពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០១៣ ដោយគិតមកដល់ពេលនេះ មានម្ចាស់អាជីវកម្មជិត៣០០នាក់ បានកំពុងប្រើប្រាស់ប្រព័ន្ធ BNI ដើម្បីពង្រីកអាជីវកម្មរបស់គាត់ ។
ការជួបជុំគ្នា នៅថ្ងៃនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ជាឱកាសល្អសម្រាប់អ្នកជំនួញបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ជាមួយដៃគូដែលពួកគាត់កំពុងស្វែងរក និងជាឱកាសល្អដែលសមាជិកទាំងអស់អាចពង្រឹកទំនាក់ទំនងជាមួយគ្នា ឲ្យកាន់តែប្រសើរឡើង និងជាឱកាសល្អសម្រាប់ឲ្យអ្នកជំនួញអាចចែករំលែកបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក និងជាពេលវេលាឲ្យពួកគាត់ផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផលរបស់ពួកគាត់។
បន្ថែមពីលើនេះ ក៏ដើម្បីផ្តល់ឱកាសឲ្យអ្នកជំនួញជួបផ្ទាល់ជាមួយអតិថិជនគោលដៅរបស់ខ្លួន និងអាចទទួលបានចំណេះដឹងល្អប្រសើរពីវាគ្មិននៃ BNI Cambodia។ បច្ចុប្បន្ននេះ BNI Cambodia មាន៦សាខា និងមានសមាជិកសរុបចំនួន២៨១នាក់ ហើយបានបង្កើតឱកាសការងារអាជីវកម្មឲ្យគ្នាទៅវិញទៅមក ១៨០៥០ឱកាស គិតជាសាច់ប្រាក់ ចំនួន២៧លានដុល្លារ និងបានបង្កើតឱកាសការងារចំនួន១២០០កន្លែងដល់ប្រទេសកម្ពុជា។ BNI Cambodia បង្កើតឡើងនៅឆ្នាំ១៩៨៥ មានសមាជិកសរុប ២១០,០០០ មានសាខាចំនួន៧៧៤៩ និង៧៣ប្រទេស។នៅឆ្នាំ២០១៦នេះ BNI Cambodia រកចំណូលបាន ១០.៨៥កោដិ្ឋដុល្លារ៕