(កំពង់ស្ពឺ)៖ កម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរគាស់ ទូរកុងទឺន័រក្រុមហ៊ុនដឹកជញ្ជូន អ៉ឹម ប៊ិច បាន១០នាក់ និងដកហូតវត្ថុតាងបានមួយចំនួន។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ២៖១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ ចំណុចភូមិតាប៉ូល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិបត្តិការនេះ បានប្រាប់ អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបនេះត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនព្រហ្មទណ្ឌ ព្រមទាំងប្រធាននាយកដ្ឋានកណ្ដាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានបញ្ជាក់ថា ក្រោយប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ១០ ជាក្រុមមុខសញ្ញាគាស់ទំលុះទូរកុងទឺន័រ យកសម្ភារយ៉ាងសកម្ម។
លោកឧត្តមសេនីយ៍ បន្ថែមថាកម្លាំងជំនាញ ដកហូតបានឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ដូចជាម៉ូទ័រឆាប់ និងទំនិញដែលក្រុមចោរបានលួចយក។
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕