(សៀមរាប)៖ នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួន និងរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូធុរកិច្ចខេត្តជើងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ឆិន វេហ្សាន (Chen Weishan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ខេត្តជើជាំង និងលោកស្រី វូ គួយអីវ (Wu Guiyin) អនុប្រធានក្រុមប្រឹក្សា ការលើកកំពស់ពាណិជ្ជកម្ម ខេត្តជើជាំង នៅសណ្ឋាគារសុខាសៀមរាប។
 

ក្នុងកិច្ចពិភាក្សានោះដែរ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃកម្ពុជា និងខេត្តជើជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឲ្យប្រជាជននៃខេត្តទាំងពីរ បានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំធ្វេឡើង។

ទន្ទឹមនឹងនេះផងដែរ លោកបណ្ឌិតអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍ មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកបណ្ឌិត ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងលើក នូវតម្រូវការចាំបាច់របស់ខេត្ត លើវិស័យទេសចរណ៍ និងបច្ចេកទេសកសិកម្ម។  
លើកពីនោះថែមទៀត លោកបណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិនតែមួយ និងផ្លូវមួយខ្សែក្រវ៉ាតមួយ។

លោក Chen Weishan អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តជើជាំង បានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញ ដែលជាសម្បត្តិបេតិកភណ្ឌលើពិភពលោក  និងជាប្រភពចំណូលមិនចេះរីងស្ងួត របស់ប្រទេសកម្ពុជា។

ក្នុងនោះដែរលោកក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូ នៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្តយើងទាំងពីរ ចាប់ដៃគូនឹងគ្នាក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យទេសចរណ៍ ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត៕