(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង ជាង៧ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យដ៏កំណាច ដែលបានឆាបឆេះឃ្លាំងលក់គ្រឿង បន្លាស់រថយន្តចំនួន៣ផ្ទះល្វែងជាប់ៗគ្នា ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលកើតឡើង តាំងពីម៉ោងជាង៥មកម្ល៉េះ។
អ្នកយកព័ត៌មានរបស់អង្គភាព Fresh News នៅកន្លែងកើតហេតុ បានរាយការណ៍ថា ទំហំនៃការខូចខាតនោះ មានរាប់ម៉ឺនដុល្លារឯណោះ ពីព្រោះសុទ្ធតែគ្រឿងបន្លាស់រថយន្ត ដែលមានតម្លៃថ្លៃៗ។
នៅពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រើនសិបគ្រឿង ទាំងរថយន្តរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ក៏មកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ (ម៉ោង៧៖២០នាទី) អគ្គិភ័យមិនទាន់រលត់នៅឡើយទេ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា គ្រោះអគ្គិភ័យមួយនេះកើតចេញពីមូលហេតុអ្វីនោះឡើយ៕