(បាងកក)៖ ព្រះរាជាថ្មីនៃប្រទេសថៃ ព្រះបាទ មហា វ៉ាចរ៉ាឡុងកន នៅថ្ងៃសុក្រនេះបានសម្រេច តែងតាំងលោក ព្រេម ទិនស៊ូឡាណុន ដែលជាមហាឧបរាជរបស់ព្រះបិតាទ្រង់ ធ្វើជាប្រធានក្រុមប្រឹក្សាជំនិតនៃព្រះមហាក្សត្រដូចដើមដដែល ដោយគ្មានការផ្លាស់ប្តូរអ្វីឡើយ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅយប់ថ្ងៃសុក្រ ទី០២ ខែធ្នួ ឆ្នាំ២០១៦។
បើយោងតាមប្រភពព័ត៌មានដដែល សេចក្តីប្រកាសនេះគឺជាព្រះរាជក្រឹត្យដំបូងគេបង្អស់របស់ព្រះបាទ មហា វ៉ាចរ៉ាឡុងកន ចាប់តាំងពីព្រះអង្គបានក្លាយជា ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅក្នុង ព្រះរាជក្រឹត្យបានចារថា ដោយហេតុតែប្រទេសថៃមានព្រះរាជាថ្មីហើយនោះលោក ព្រេម ទិនស៊ូឡាណុន ដែលបានបំពេញ កាតព្វកិច្ចរបស់លោកយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាស្តេចរាជានុសិទ្ធិ ឬអាចហៅបានថាជាប្រមុខរដ្ឋស្តីទីនោះបានស្នើសុំលាលែង ពីតំណែងជាប្រធានក្រុមប្រឹក្សជំនិតនៃព្រះមហាក្សត្រ ប៉ុន្តែព្រះបាទ មហា វ៉ាចរ៉ាឡុងកន បានសម្រេចព្រះទ័យតែងតាំងលោក ព្រេម ឲ្យនៅបន្តកាន់តួនាទី របស់លោកដូចដើមដដែលវិញ។
គួររំលឹកាថា នៅពេលដែលអតីតព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅកាលពីថ្ងៃទី១៣ ខែតុលា រាជបល្ល័ងបានទុកឲ្យនៅទំនេររហូតមក អស់រយៈពេលជាងមួយខែ បន្ទាប់ពីកាលនោះព្រះរាជទាយាទ មហា វ៉ាចរ៉ាឡុងកន បានបដិសេធនូវការឡើងស្នងរាជ្យភ្លាមៗ ដោយបានស្នើឲ្យផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ទ្រង់ដើម្បី ចូលរួមកាន់ទុក្ខព្រះបិតាជាមួយនិងប្រជារាស្រ្តថៃ ទូទាំងប្រទេស ហើយប្រការហេតុនោះលោក ព្រេម ដែលជាមហាឧបរាជ បានក្លាយជាប្រមុខរដ្ឋស្តីទីប្រចាំប្រទេសជាបណ្តោះអាសន្នសិន។
គួរបញ្ជាក់ដែរថា លោក ព្រេម ទិនស៊ូឡាណុន ក្នុងវ័យ៩៦ឆ្នាំគឺជាបុគ្គលនយោបាយមួយរូប ដែលពោរពេញដោយឥទ្ធិពល និងបទពិសោធខ្ពស់បំផុត នៅក្នុងសម័យកាលដ៏ទំនើបរបស់ប្រទេសថៃសព្វថ្ងៃ ហើយលោកធ្លាប់បានធ្វើជានាយករដ្ឋមន្រ្តីថៃ និងចុះចេញពីតំណែងវិញកាលពីឆ្នាំ១៩៨៨ផងដែរ។
ដោយឡែកលោក ព្រេម បានបន្តធ្វើជាប្រធានក្រុមប្រឹក្សាជំនិតនៃព្រះមហាក្សត្រ ដែលមានសមាជិកទាំងអស់១៩នាក់ ចាប់តាំងពីឆ្នាំ១៩៩៨មកម៉្លេះ៕