(សៀមរាប)៖ ក្រុមរថយន្ដ CAITA ដែលមានការចូលរួមពីបណ្ដាប្រទេសសមាជិកអាស៊ាន រួមជាមួយនិង ចិន ដែលហៅថា សភាទេសចរណ៍អន្តរជាតិចិនអាស៊ាន និងការជួបជុំប្រព័ន្ធផ្សព្វផ្សាយចិនអាស៊ាន ឆ្នាំ២០១៦ «China-ASEAN International Touring Assembly & China-ASEAN Media Rally 2016» គឺជាក្រុមអ្នកធ្វើដំណើរដោយរថយន្ដដំណើរផ្លូវដ៏វែងឆ្ងាយ ក្នុងន័យពង្រឹង/ពង្រីកនូវភាពសុខដុមរម្យនា, ចំណងមិត្តភាព, និងកិច្ចសហប្រតិបត្តិការ ដើម្បីទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងចិន ។ ហើយនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តដំណើរ ដោយចេញពីទឹកដីក្រុងសៀមរាបអង្គរ ឆ្ពោះទៅការប្រទេសថៃ ឆ្លងកាត់តាមច្រកអន្តរជាតិប៉ោយប៉ែត ។
លោក ផេង ចាវ (Mr. Peng Zhao) អនុប្រធាននៃគណៈកម្មការសន្និសីទពិគ្រោះយោបល់ខាងនយោបាយនៃប្រជាជនចិន ខេត្តគង់ស៊ី និងជាអ្នកដឹកនាំក្រុម CAITA ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ថា ៖ ក្រុម CAITA បានចេញដំណើរពីមជ្ឈមណ្ឌលកីឡាពីងហ្វាង នៃខេត្តគង់ស៊ី ក្នុងទឹកដីណាន់នីង នៃប្រទេសចិន កាលពីថ្ងៃទី២៣ វិច្ឆិកា នឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ២០១៦នេះ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយឆ្លងកាត់ប្រទេស ដូចជា វៀតណាម, ឡាវ, កម្ពុជា, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបូរី, និងឥណ្ឌូណេស៊ី ក្នុងចម្ងាយផ្លូវប្រមាណជា ១ម៉ឺនគីឡូម៉ែត្រ ។ និងមានអ្នកចូលរួមជិត ៣០០នាក់ មកពីប្រទេសចិន និងប្រទេសអាស៊ានទាំង១០ ។ ហើយនៅឆ្នាំនេះ គឺជាខួបលើកទី ២៥ហើយ នៃភាពទំនាក់ទំនងជាដៃគូរសន្ទនារវាងអាស៊ាន និងចិន ។
ក្រុមអ្នកធ្វើដំណើរដោយរថយន្ដ ក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនេះ គឺក្នុងគោលបំណងពង្រឹងពង្រីកនូវភាពសុខដុមរម្យនា, ចំណងមិត្តភាព, និងកិច្ចសហប្រតិបត្តិការ ដើម្បីទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងចិន ក្នុងភាពយូរអង្វែង។
លោកបានបន្តថា៖ រហូតមកដល់ពេលនេះ គឺក្រុមយើង ឆ្លងកាត់នូវការលំបាក និងបទពិសោធន៍យ៉ាងច្រើន គឺយើងបានមកដល់ពាក់កណ្ដាលទីហើយ នាទឹកដីនៃមហាប្រាង្គប្រាសាទ ដ៏ពិសិដ្ឋទៅដោយសម្បត្តិវប្បធម៌ អរិយធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា និងជាទឹកដីដ៏អច្ឆរិយរបស់ពិភពលោក ។ ហើយក៏ជាទឹកដីតែមួយគត់ ដែលក្រុមយើងបានមកកំសាន្ដទស្សនាមហាប្រាង្គប្រាសាទបុរាណ ដែលមានអាយុកាលរាប់រយឆ្នាំរបស់ខ្មែរ និងជាទីក្រុងដ៏ទំនើប ផងដែរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទាក់ទាញនូវភ្ញៀវទេសចរ នៅជុំវិញពិភពលោក ឱ្យមកទស្សនានៅទីនេះ និងជានិមិត្តរូបនៃទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជាចិន និងកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត ផងដែរ ។
ក្នុងឱកាសនោះផងដែរ លោក ហុក សុវិជ្ជា មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាបតំណាងឱ្យលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរបានមានមតិស្វាគមន៍ ក្រុម CAITA ឆ្នាំ២០១៦ ដែលបានធ្វើដំណើរឆ្លងកាត់និងស្នាក់នៅក្នុងទឹកដីសៀមរាបអង្គរនៃយើង ហើយបានទៅទស្សនាមហាប្រាង្គប្រាសាទបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ។ លោក ក៏បានធ្វើសេចក្ដីរាយការណ៍ ដោយសង្ខេបអំពីដំណើរវិវឌ្ឍន៍ និងវិសាលភាព នៃវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៦នេះ គឺភ្ញៀវទេសចរចិន បានស្ថិតក្នុងលំដាប់លេខរៀងទីមួយ គឺប្រមាណជិត ៦០ម៉ឺននាក់ ក្នុងការមកទស្សនាតំបន់រមណីដ្ឋានសៀមរាបអង្គរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្តលើទេសចរណ៍ចិន គឺ China Ready គឺបានសេចក្ដីថា កម្ពុជា សូមស្វាគមន៍ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរចិន ៕