(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៦ បានធ្វើពិធីប្រកាសទទួលស្គាល់ សមាសភាព សហភាពសហព័ន្ធយុវជនកម្ពុជា បន្ថែមចំនួន ១១៥រូបទៀត ព្រមទាំងប្រគល់សេចក្ដីសម្រេច និងសម្ភារជូន ផងដែរ ដែលបានប្រព្រិត្តទៅនៅក្នុងអាគារA នៃសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ឡេង ច័ន្ទវិសិទ្ធ នាយករដ្ឋបាល និងហិរញ្ញវត្ថុ ខណ្ឌឫស្សីកែវ ក្រុមយុវជនកម្ពុជា មកពីតាមបណ្ដាសង្កាត់ទាំង៦ ក្នុងខណ្ឌជាច្រើននាក់ផងដែរ ។
នាឱកាសដ៏មានន័យនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមក្នុងការប្រកាសសមាសភាពក្រុមយុវជនកម្ពុជា ស.ស.យ.ក យើងទាំងអស់គ្នា ដោយបច្ចុប្បន្នក្រុមយុវជនថ្នាក់ខណ្ឌ មានសមាសភាពគណៈកម្មាធិការចំនួន ២៩រូប ដោយសម្រេចទទួលស្គាល់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ចេញដោយគណៈកម្មាធិការ ស.ស.យ.ក រាជធានីភ្នំពេញ ដែលមានលោក សាយ សំអាល់ ជាប្រធាន ។
នៅក្នុងថ្ងៃនេះ ត្រូវប្រកាសបន្ថែមចំនួន ១១៥រូបទៀត ទាំងស្ត្រីនិងបុរស និងជាថ្ងៃដ៏វិសេសវិសាលមួយ ព្រោះជាថ្ងៃ ២ធ្នូ ដែលជាថ្ងៃកំណើតដំបូងរបស់ ស.ស.យ.ក បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (រយៈពេល ៣៨ឆ្នាំ) ដោយកាលណោះមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា បន្ទាប់មកត្រូវបានប្ដូរមកជា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក មកទល់បច្ចុប្បន្ននេះ ។
លោក ជា ពិសី បានថ្លែងបន្តថា ការសម្រេចប្រកាសសមាស ភាពក្រុមយុវជន ស.ស.យ.ក ក្នុងសង្កាត់ទាំង៦ នាពេលនេះ អាចដំណើរការទៅបាន ក្រោយពីមានការស្នើសុំតាមរយៈគណៈកម្មាធិការថ្នាក់សង្កាត់ មកដល់ថ្នាក់ខណ្ឌ ដោយធ្វើការប្រជុំគណៈអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីពិនិត្យសមាសភាព មុននឹងសម្រេចអនុម័តសម្លេង (៥០+១) តាមបែបប្រជាធិប្បតេយ្យ ។
ប្រភេទនៃសមាជិក ស. ស.យ.ក មាន ២ប្រភេទ រួមមាន ទី១៖ សមាជិកសកម្ម គឺជាយុវជន-យុវនារី សិស្ស-និស្សិតកម្ពុជា ដែលស្ថិតនៅក្រោមលក្ខន្តិកៈ នៃស .ស.យ.ក ទី២៖ សមាជិកគាំទ្រ ជាជនទាំងឡាយទាំងក្នុង និងក្រៅប្រទេស ដែលមានសមានចិត្តជួយឧបត្ថម្ភដល់ ស.ស.យ.ក ទាំងខាងស្មារតី ថវិកា ។
លោកអភិបាលបញ្ជាក់ថា យុវជន ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំយុវជនពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ក្នុងការបង្កើតឲ្យមានកម្លាំងសាមគ្គីដើម្បីរួមចំណែកកសាងប្រទេសរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ដោយមានការទំនាក់ទំនងសហការល្អជាមួយអង្គការសង្គមស៉ីវិល សមាគម សហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន សំដៅអប់រំលើកទឹកចិត្តក្នុងការរៀនសូត្រ ពលកម្ម កំសាន្ដ និងលើកកម្ពស់ការថែទាំសុខភាព៕