(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះសម្របសម្រួលបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ៦៤គ្រួសារ លើផ្ទៃដី២០ហិកតា ដើម្បីផ្លាស់ប្ដូរពីសហគមន៍ក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង មកដាក់ក្នុងដែនដីរដ្ឋបាលឃុំកំពង់ពោធិ៍ ស្រុកក្រគរវិញ។
ក្នុងកិច្ចដំណោះស្រាយខាងលើនេះ ត្រូវបានធ្វើឡើងនៅចំណុចអូររំដេញ ស្ថិតក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត, លោក អេង គន្ធា ប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ តំណាងលោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ អាជ្ញាធរស្រុកក្រគរ និងស្រុកកណ្តៀង និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះសម្របសម្រួលនាពេលនេះ ជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
លោកអភិបាលខេត្តបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងរំលឹកដាស់តឿន ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវដាក់ចិត្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយមិនត្រូវតាំងខ្លួនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋជាដាច់ខាត។ ជាក់ស្តែងដូចជាទំនាស់ដីធ្លីនេះ គឺកើតមានរ៉ាំរ៉ៃជាង១០ឆ្នាំ មកហើយ ដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ ឲ្យបានឆាប់រហ័ស។
លោកអភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរស្រុកទាំង២ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ ចុះធ្វើបច្ចុប្បន្នភាពសារជាថ្មី និងបោះបង្គោលព្រំនៅថ្ងៃស្អែក ដោយមានការចូលរួមពីប្រជាពលរដ្ឋផង ចំពោះដីដែលអាស្រ័យផលហើយ និងដីគម្របព្រៃដែលនៅសេសសល់មិនអាស្រ័យផល។
លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវចូលរួមថែរក្សាការពារព្រៃ ដែលនៅសេសសល់ទាំងអស់គ្នា ចំពោះដីដែលអាស្រ័យផលហើយ អាចប្រើប្រាស់បន្តទៀតបាន តែហាមកាប់រានបន្ត ដោយរក្សានៅស្ថានភាពដើម ដើម្បីងាយស្រួលឲ្យអាជ្ញាធររៀបចំដោះស្រាយ និងរៀបចំប្លង់កម្មសិទ្ធិស្របច្បាប់ជូនឲ្យបានឆាប់រហ័ស។
លោក ម៉ៅ ធនិន ក៏បានចែកជូនសារុងម្នាក់១ ដល់ស្រ្តីដែលបានចូលរួម ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារអាមេរិក សម្រាប់ចូលរួមចាក់សាប ជុំវិញព្រះវិហារឥស្លាម នៅទីនោះផងដែរ៕