(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អុក ហៃសីឡា ប្រធាននាយកដ្ឋានអនុវត្ត និងស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ ក្នុងហាងម៉ាស្សាហ្គោលដិនហ្វូត ស្ថិតនៅផ្លូវ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ទោ អុក ហៃសីឡា បានឲ្យដឹងថា ដោយមានតម្រុយឲ្យដឹងថា ក្នុងហាងម៉ាស្សាហ្គោលដិនហ្វូត មានជនបរទេសខុសច្បាប់ធ្វើការ កម្លាំងសមត្ថកិច្ចចម្រុះរបស់លោក បានចុះត្រួតពិនិត្យ និងបានរកឃើញជនជាតិចិនចំនួន ៩នាក់ (ស្រី៥នាក់) ជាបុគ្គលិកធ្វើការក្នុងហាងនោះ។
លោកឧត្តមសេនីយ៍ទោ អុក ហៃសីឡា បានបន្តថា ក្រោយពីបានពិនិត្យមើលលិខិតឆ្លងដែនរបស់ជនបរទេសខាងលើហើយ កម្លាំងសមត្ថកិច្ចបានរកឃើញ លិខិតឆ្លងដែនដែលមានទិដ្ឋាកា និងមានសៀវភៅការងារមានសុពលភាពត្រឹមត្រូវ មានតែ៦នាក់ទេ ឯ៣នាក់ទៀត មិនមានឯកសារត្រឹមត្រូវឡើយ ទើបកម្លាំងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ន ជនជាតិចិនខុសច្បាប់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសាកសួរ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕