(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅដើមសប្តាហ៍នេះ បានជួបពិភាក្សាជាមួយ លោក ហ្សង់-ម៉ាក អេរ៉ូ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍអន្តរជាតិបារាំង នៅឯប្រទេសបារាំង ដើម្បីពង្រឹងប្រតិបត្តិការលើវិស័យសម្រាប់ ជាពិសេសទៅ លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍អប់រំ វប្បធម៌ សន្តិសុខ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។
ជំនួបនេះ ត្រូវបានធ្វើក្នុងអំឡុងពេលដែល លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី២៨ ដល់ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី១៦ នៃអង្គការអន្តជាតិហ្វ្រង់កូហ្វូនី ដែលស្របពេលនឹង កម្ពុជា-វៀតណាម បានស្នើឱ្យរដ្ឋាភិបាលបារាំងផ្តល់អ្នកជំនាញបច្ចេកទេស ដើម្បីផ្ទេរផែនទីពីខ្នាត ១/១០០,០០០ មកជាខ្នាត ១/៥០,០០០ ។
សេចក្ដីប្រកាសក្រសួងការបរទេស បានឲ្យដឹងថា លោកទេសរដ្ឋមន្រី្ត បានគូសបញ្ចាក់ពី សារសំខាន់នៃការចូលរួមចំណែករបស់ ប្រទេសបារាំងក្នុងការ ធ្វើឲ្យមានសន្តិភាពឡើងវិញនៅកម្ពុជា ការកសាងប្រទេសកម្ពុជាឡើងវិញ ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចសង្គមកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩០ និងការលើតម្លើងបេតិភ័ណ្ឌវប្បធម៌កម្ពូជា ។
ជាមួយគ្នានេះ លោក ហ្សង់-ម៉ាក អេរ៉ូ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានបញ្ជាក់ឲ្យដឹងថា ប្រទេសបារាំង រីករាយបន្តចូលរួមអមដំណើរការអភិវឌ្ឍ និងរីកចម្រើននៃប្រទេសកម្ពុជា លើវិស័យជាអាទិភាព ដូចជាសេដ្ឋកិច្ច ទេសចរណ៍ បេតិកភណ្ឌ កសិកម្ម ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ក្នុងវិស័យអភិវឌ្ឍដោយចីរភាព ជាពិសេសការផ្ដល់សច្ចាប័ននាពេលថ្មីៗនេះ របស់កម្ពុជា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា នាថ្មីៗនេះ កម្ពុជា-វៀតណាម បានឯកភាពក្នុងការស្នើទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ផ្ទេរផែនទីពីខ្នាត ១/១០០,០០០ មកជាផែនទី UTM ខ្នាត ១/៥០,០០០ ដើម្បីបង្កភាពងាយស្រួលក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មិនបានបង្ហាញជុំវិញបញ្ហានេះទេ។ Fresh News ក៏មិនអាចទាក់ទង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននៅឡើយទេ នាពេលនេះ៕