(ភ្នំពេញ)៖ ទន្ទឹមគ្នាជាមួយនឹង ការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងអំពី ករណីព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោសដល់លោក កឹម សុខា តាមសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងអំពីទិដ្ឋភាពទូទៅរបស់ច្បាប់ពាក់ព័ន្ធ នឹងករណីនេះថា ចំពោះករណីចាំបាច់ប្រមុខរាជរដ្ឋាភិបាល មានបុព្វសិទ្ធិក្នុងការធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន។
លោក គឹម សន្តិភាព បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា «យោងតាមមាត្រា៧៧ នៃច្បាប់ស្តីពី ពន្ធនាគារ៖ ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន! ករណីខាងលើនេះ ត្រូវចង់ភ្ជាប់ដោយល័ក្ខខ័ណ្ឌមួយគឺសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ ! រីឯកាលៈទេសៈ នឹងរយៈពេលអនុវត្តទោស មិនមែនជាល័ក្ខខ័ណ្ឌនោះទេ!»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំៗ០១៦នេះ បានចេញ ព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News នាវេលាម៉ោងប្រមាណ ២៖៤៥នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
លោក កឹម សុខា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារខែ និងពិន័យជាប្រាក់ចំនួន ៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលមានការពាក់ព័ន្ធនឹងសំណុំរឿង សញ្ចារកម្ម។ ចំពោះរឿងនេះ បានធ្វើឱ្យ លោក កឹម សុខា បានសំងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនជាងកន្លះឆ្នាំមកហើយ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា បន្ទាប់ពីមានការលើកទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ លោក កឹម សុខា នឹងអាចចូលប្រជុំនៅសភាឡើយវិញហើយ។ លោកថា លោក កឹម សុខា ក៏កំពុងរៀបចំដើម្បីទៅស្នាក់នៅផ្ទះរបស់លោកផងដែរ៕