(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព លោក ប៉ូ សំណាង ដែលបានបន្សល់ទុកស្នាដៃ ក្នុងការងារសីលធម៌សង្គមជាច្រើននោះ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងយុវជនកាកបាទក្រហមកម្ពុជា នាំយកបច្ច័យចំនួន ៥លានរៀល ព្រមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួន ទៅចូលបុណ្យសព លោក ប៉ូ សំណាង (ឈ្មោះដើម តាន់ ស៊ុនហេង) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ដោយរោគាពាធ ក្នុងជន្មាយុ៥៣ឆ្នាំ ហើយត្រូវបានតម្កល់ធ្វើបុណ្យ និងបូជានៅវត្តទួលទំពូង។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសម្តែងនូវមរណទុក្ខ យ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ក្រុមគ្រួសារនៃសព ដែលបានបាត់បង់ស្វាមី-ឪពុក និងសាច់ញាតិជាទីស្រឡាញ់ ធ្លាប់បានលះបង់កម្លាំង-ចិត្ត ជួយកិច្ចការងារសង្គមជាច្រើនពិសេស នៅតាមសហគមន៍ក្រីក្រ អ្នកបើកបរយានយន្ត និងតាមរោងចក្រនានា តាមរយៈការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការទប់ស្កាត់ការជួញដូរមនុស្សនិងគ្រឿងញៀន ជួយកុមារកំព្រាបង្កើនសីលធម៌សង្គម សម្រាប់វិនិយោគរោងចក្រ។ល។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមឱ្យបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
លោកស្រី មឿន សុខឃឿន ត្រូវជាភរិយាសព បានលើកដៃប្រណម្យសម្ដែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សណ្តោសប្រណី បានចាត់ឲ្យសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ មកចូលបុណ្យ និងសូមជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕