(ភ្នំពេញ)៖ នៅវេលាព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នឹងមានការប្រកួតកីឡាកម្សាន្តប្រណាំងកង់ ដោយមានកីឡាករ កីឡាការិនីជាតិចំនួន ៣០០នាក់ និងអន្តរជាតិ ១៧០នាក់ មកពី ១៥ប្រទេសចូលរួមចូលរួមផងដែរ នេះបើយោងតាម លោក វ៉ាត់ អគ្គលេខាធិការ NOCC ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២ ខែធ្នូនេះ។
លោកបន្តថា សម្រាប់ពេលនៅពេលរសៀលវិញ នឹងមានបើកសិក្ខាសាលាជាតិ លើកទី១ ស្តីពីកីឡាទេសចរណ៍ ក្រោមអធិបតីភាព បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានជំនាញការមកពីអង្គការទេសចរណ៍ពិភពលោក មកធ្វើបទបង្ហាញទៀតផង។
រីឯថ្ងៃទី៤ ខែធ្នូវិញ ជាព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារាតុងអង្គរលើកទី២១ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៩ពាន់នាក់ហើយ ដែលបានមកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះមានជាង ៤ពាន់ជាប្រជាពលរដ្ឋខ្មែរ និងជាង ៥ពាន់នាក់ទៀត គឺជាភ្ញៀវអន្ដរជាតិដែលមកពី ៨៥ប្រទេសឯណោះ ខណៈកីឡាករ-កីឡាការិនីមកពីចក្រភពអង់គ្លេស ឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាមេរិកលេខ២ និងបារាំង លេខ៣ ក្នុងនាមអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ។
អគ្គលេខាធិការ NOCC ដដែលបានបន្ដថា គោលបំណងនៃរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ ក្រៅពីចង់ផ្សព្វផ្សាយពីប្រាង្គប្រាសាទ ប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយនោះ ក៏ដើម្បីផ្សាភ្ជាប់ជាមួយការងារសប្បុរសធម៌ តាមរយៈប្រមូលមូលនិធិ ដែលទទួលបានពីការចុះឈ្មោះ និងការឧបត្ថម្ភរបស់ក្រុមហ៊ុននានា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការកុមារកំព្រាជាច្រើនទៀតផងដែរ៕