(ភ្នំពេញ)៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា ការព្រះរាជទានទោស របស់ព្រះមហាក្សត្រឲ្យលោក កឹម សុខា តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អាចនឹងធ្វើឲ្យស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជាមានល្អប្រសើរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ «ខ្ញុំគិតថាការធ្វើបែបនេះអាចកាត់បន្ថយកំដៅនយោបាយ និងអាចធ្វើឲ្យមាន ការកក់ក្តៅ មានការយល់ចិត្តគ្នាសម្រាប់ការបោះឆ្នោតនាពេលខាងមុខផង ដំណើរការនយោបាយផង។ ជាពិសេសអ្នករកស៊ី អ្នកវិនិយោគសប្បាយចិត្ត ហើយប្រជាពលរដ្ឋទូទៅក៏បានផលចំណេញ។ ខ្ញុំគិតថា ប្រហែលជាមានកិច្ចព្រមព្រៀងណាមួយ រវាងអ្នកនយោបាយ យ៉ាងណាក៏ដោយ នេះគឺជាសញ្ញាវិជ្ជមានមួយ»។
លោក អ៊ូ វីរៈ ក៏បានបង្ហាញទស្សនៈរបស់ខ្លួនថា ដើម្បីឲ្យស្ថានការណ៍នយោបាយកាន់តែល្អប្រសើរ គណបក្សនយោបាយទាំងពីរ គួរតែកាត់បន្ថយការទាស់សម្តីគ្នា ការជេរប្រមាថគ្នា ទៅវិញទៅមក ហើយងាកទៅប្រកួតប្រជែងដោយប្រជាធិបេតយ្យ។ លោកថ្លែងដូច្នេះ «នេះគឺជាការល្អសម្រាប់ប្រទេសកម្ពុជា ដោយសារ អាចធានាបានថា ខ្មែរយើងមិនចេះឈ្លោះគ្នា ធ្វើរឿងខ្មែរយើងរឹងមាំ ហើយខ្ញុំគិតថានេះជាសញ្ញាវិជ្ជមានដ៏ធំ»។
នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការសម្រេចព្រះរាជទានទោសនេះ ទទួលបានការសាទរ និងថ្លែងអំណរគុណពីលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិមួយចំនួនទៀត។
ព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រខ្មែរ នឹងបើកផ្លូវឲ្យលោក កឹម សុខា អាចធ្វើសកម្មភាពនយោបាយជាធម្មតាឡើងវិញហើយ បន្ទាប់ពីបង្ខាំងខ្លួននៅក្នុងទីស្នាក់ការបក្សអស់រយៈពេលប្រមាណ ៦ខែមកនោះ៕