(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែធ្នូនេះឲ្យដឹងថា គណបក្សប្រឆាំងមានការត្រេកអរយ៉ាងខ្លាំង ចំពោះការលើកលែងទោសដល់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហើយលោកបានចាត់ទុកថា នេះគឺជាដំណោះស្រាយរវាងខ្មែរ និងខ្មែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការត្រេកអរ យើងសង្ឃឹមថា ដំណោះស្រាយរវាងខ្មែរ និងខ្មែរ ប្រាកដជាមានប្រសិទ្ធភាព ដើម្បីដោះស្រាយ បញ្ហាមួយចំនួនពាក់ព័ន្ធនឹងរឿងប្រទេសជាតិយើង ទៅថ្ងៃអនាគតទៀត»។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការលើកទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ លោក កឹម សុខា នឹងអាចចូលប្រជុំនៅសភាឡើយវិញហើយ។ លោកថា លោក កឹម សុខា ក៏កំពុងរៀបចំដើម្បីទៅស្នាក់នៅផ្ទះរបស់លោកផងដែរ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំៗ០១៦នេះ បានចេញព្រះរាជក្រឹត្យលើ កែងទោសដល់ លោក កឹម សុខា តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាម៉ោងប្រមាណ២៖៤៥នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
កាលពីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលមានការពាក់ព័ន្ធនឹងសំណុំរឿង សញ្ចារកម្ម។ ចំពោះរឿងនេះ បានធ្វើឱ្យ លោក កឹម សុខា បានសំងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនជាងកន្លះឆ្នាំមកហើយ៕