(ក្រចេះ)៖ និសិ្សតស្រីម្នាក់បានទទួលអំណោយម៉ូតូថ្មី១គ្រឿង ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ក្រោយពីត្រូវបានក្រុមចោរស្ទាក់វាយប្លន់យកម៉ូតូតាមផ្លូវ កាលពីពេលកន្លងទៅ។ ការប្រគល់ម៉ូតូខាងលើ ធ្វើឡើងនៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

នារីរងគ្រោះមានឈ្មោះ ហ៊ួ ចន្រ្ទា ជាសមាជិក ស.ស.យ.ក មួយរូប និងជាប្រធានជំនាន់ទី៣ នៃសមាគមសិស្សនិសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

នារីខាងលើ បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះយុវជនស.ស.យ.ក ក៏ដូចជា សមាគមសិស្សនិសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដោះស្រាយ នូវភាពខ្វះខាតជូនប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះ ក្រុមយុវជន ស.ស.យ.ក ក៏ដូចជាសមាគម បានយកចិត្តទុកដាក់ និងដោះស្រាយជូនសមាជិករបស់ខ្លួន ដែលជួបបញ្ហាលំបាកផងដែរ។

ពិធីប្រគល់ម៉ូតូថ្មីខាងលើ ត្រូវបានដឹកនាំដោយ លោក សែម ម៉ារឌី សមាជិកអចិន្រៃ្តយ៍យុវជន ស.ស.យ.ក តំណាងរបស់លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ និងជាប្រធាន ស.ស.យ.ក ខេត្តក្រចេះ និងលោក ខាន់ ប៊ុនសេង ក្រុមការងារគ្រប់គ្រងសិស្សនិសិ្សតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពី លោកធុន គ្រី ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជា ផងដែរ។

សូមជម្រាបថា នារីរងគ្រោះខាងលើ ត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូរបស់ខ្លួន ម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ចំណែកឯម៉ូតូថ្មី គឺម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ជាមូលនិធិសប្បុរសនៃយុវជន ស.ស.យ.ក និងសមាគមសិស្សនិសិ្សត៕