(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ មន្ទីរពេទ្យគន្ធបុប្ឆា បានទទួលថវិកា៧០៨៥ ដុល្លារ ពីសប្បុរសជន នៅប្រទេសកាណដាដា តាមរយៈក្រុមការងារ យុវជន ប្រចាំនៅប្រទេសកាណាដា ដឹកនាំដោយប្រធានក្រុមការងារ យុវជនប្រចាំប្រទេសកាណាដា លោក រិនវីរៈ នៅមន្ទីរពេទ្យគន្ធរបុប្ផា ។
លោក រិន វីរៈ បានលើកឡើងថា ជារឿយៗលោក ហ៊ុន ម៉ាណែត តែងតែអំពាវនាវទៅដល់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជួយឧបត្ថម្ភ ក៏ដូចជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ជាថវិកាតិចតួចរបស់ខ្លួន ។
លោកបន្ដថា ក្រោយពីមានការអំពាវនាវនេះ ក៏មានប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសជាច្រើនបាន ជួយឧបត្ថម្ភជាថវិកាខ្លះចំនួន២០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ និងខ្លះទៀតរហូតទៅដល់៥០០ដុល្លារក៏មានដែរ ។
លោកបានបន្ថែមថា ការនាំថវិកាមកនេះ ព្រោះមន្ទីរពេទ្យនេះ ជួយព្យាបាលប្រជាពលរដ្ឋខ្មែរទូទៅ មិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍ ជួយព្យាបាល ដោយឥតគិតថ្លៃ ដូច្នេះក្រុមការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឲ្យដឹងពីចំណុចហ្នឹង ដូច្នេះពួកគាត់ក៏បានផ្ដល់ថវិកា ជូនមន្ទីរពេទ្យ គន្ធបុប្ផាតែម្ដង។
លោក រិន វីរៈ បានបញ្ជាក់ថា សកម្មភាពនេះ ជាលើកទី២ហើយ ដែលក្រុមការងារយុវជន ប្រចាំនៅប្រទេសកាណាដាបានធ្វើ ហើយនៅថ្ងៃមុខនឹង បន្តការងារនេះបន្តទៀត ។
សូមបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានសប្បុរសជនខ្មែរ នៅក្នុងរាជធានីភ្នំពេញ បាននាំយកថវិកា និងអង្ករចំនួន ២០ការ៉ុង ទៅជួយឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ សូមជម្រាបថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធរបុប្ផាមានកុមាររាប់ម៉ឺននាក់ ដែលភាគច្រើនជាកុមារក្រីក្រ និងការព្យាបាលគឺមិនមានគិតថ្លៃនោះទេ ។
តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិការជាង៥០០លានដុល្លារ មកហើយ ក្នុងនោះប្រមាណ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស, និងប្រមាណ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា៨.៨% ជាការចូលរួម របស់រដ្ឋាភិបាលស្វីស ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនឯកជនស្វីស និងប្រទេសដទៃទៀត៕