(ភ្នំពេញ)៖ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការក្នុងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៉ឹង ម៉េងជឺ ដែលមានជនជាប់ចោទគឺ អតីតឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សមួយចំនួន ដោយតុលាការទើបតែចាប់ផ្ដើមធ្វើការសួរនាំសាក្សីទី២ប៉ុណ្ណោះ ក្នុងចំណោមសាក្សីទាំងដោះបន្ទុក និងសាក្សីដាក់បន្ទុកជាង៣០នាក់នៅក្នុងសំណុំរឿងដ៏ក្តៅមួយនេះ ដូច្នេះវានឹងប្រើពេលយូរទៀត ទំរាំសម្រេចចុងក្រោយ។
សាក្សីទី២ ដែលក្រុមប្រឹក្សាតុលាការ រួមទាំងមេធាវីគូរក្ដីបានសាកសួរនាថ្ងៃនេះមានឈ្មោះ ចាន់ ដាវី ជាលេខាធិការក្នុងផ្ទះរបស់លោក ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។
ចាន់ ដាវី ជាសាក្សីម្នាក់សម្រាប់ដោះបន្ទុកឲ្យក្រុមជនជាប់ចោទដែលមេធាវីការពារក្ដីឲ្យលោក ថោង សារ៉ាត់ ទើបតែដាក់ចូលមកឆ្លើយដោះបន្ទុកប៉ុណ្ណោះនៅក្នុងរឿងក្ដីឃាតកម្មនេះ។ កាលពីសប្ដាហ៍មុនលោកស្រីភរិយាលោក ថោង សារ៉ាត់ បានខ្លួនមកឆ្លើយដោះបន្ទុកឲ្យជនជាប់ចោទ និងប្ដីរបស់គាត់ក្នុងនាមជាសាក្សីទី១ នៅក្នុងសំណុំរឿង។ តាមចម្លើយសាក្សីដោះបន្ទុកទាំង២នាក់ ដែលបានចូលមកឆ្លើយក្នុងសវនាការកន្លងមកនេះ ពួកគេសុទ្ធតែបង្ហាញថា លោក ថោង សារ៉ាត់ មិនពាក់ព័ន្ធ និងឃាតកម្មនោះទេ ប៉ុន្តែពួកគេគ្មានភស្តុតាងរឹងមាំណាមួយដោះបន្ទុកទេ ក្រៅតែពីទិដ្ឋភាព រូបភាពនៅក្នុងកាម៉េរាសុវត្ថិភាពនៅក្នុងផ្ទះប៉ុណ្ណោះ។
ទោះបីយ៉ាងណាការសាកសួរសាក្សីឈ្មោះ ចាន់ ដាវី នាថ្ងៃ០២ ខែធ្នូនេះ មិនទាន់បញ្ចប់ទេ ហើយតុលាការនឹងបន្តសវនាការនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខទៀត។
កាលពីសវនាការកន្លមក នៅក្នុងអំណានចម្លើយរបស់ជនជាប់ចោទ ដែជាអង្គរក្សរបស់លោក ថោង សារ៉ាត់ មានអង្គរក្សម្នាក់ឈ្មោះ លី សៅ ហៅវី គឺជាអង្គរក្សរបស់ថោង សារ៉ាត់ បានបន្សល់ទុកនូវចម្លើយសារភាពទាំងនៅនគរបាល ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរដែលបញ្ជាក់ថា ឈ្មោះសៀង វាសនា ជាអ្នកបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ។
អង្គរក្សឈ្មោះ លី សៅ បានស្លាប់កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ដោយសារជំងឺខណៈមកព្យាបាលរោគ។ ប៉ុន្តែមុនពេលស្លាប់ទៅ លី សៅ ហៅវី បានបន្សល់ទុកនូវចំលើយសារភាពទាំងនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជា នៅព្រះរាជអាជ្ញាអមសាលាដំបូង និងនៅចៅក្រមស៊ើបសួរ ស្ដីអំពីអត្តសញ្ញាណជនដៃដល់ដែលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ កាលពីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងហាងលក់ផ្លែឈើស្រស់ឡោ តិចសេងស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ចម្លើយឈ្មោះ លី សៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ចេញឲ្យដឹងជាសាធារណៈនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ នៅក្នុងអំណានឯកសារចំលើយជនជាប់ចោទទាំង៦នាក់ ក្នុងនោះមានទាំងចំលើយរបស់លោក ថោង សារ៉ាត់ផង បន្ទាប់ពីតុលាការបានសាកសួរជនជាប់ចោទជាអង្គរក្សចំនួន៤នាក់ លើកលែងតែលោក ថោង សារ៉ាត់ ម្នាក់គត់ដែលមិនធ្លាប់ចូលសវនាការសោះក្នុងរឿងក្ដីឃាតកម្មនេះ។
ចំលើយសារភាពរបស់ លី សៅ នៅតំណាក់កាលស៊ើបអង្កេតរបស់នគរបាល ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ បានបញ្ជាក់ដូចៗគ្នាថា ខ្លួនគេបានស្គាល់ និងរស់នៅជាមួយសៀង វាសនា រយៈពេល១០ឆ្នាំមកហើយ រឿអីដែលគេមិនស្គាល់សៀង វាសនា នោះ អ្នកដែលបាញ់ឧកញ៉ា អ៉ឹង ម៉េងជឺ គឺជាសៀង វាសនា ពិត១០០ភាគរយចំពោះអ្នកដឹកសៀង វាសនា និងអ្នកបិទគូទខ្លួនគេមិនបានឃើញទេ៕