(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៏ជាញឹកញាប់មកហើយថា ធ្វើជាអ្នកនយោបាយគ្មានទេ សត្រូវអមតៈ ហើយក៏គ្មានទេ មិត្តអមតៈ។ និយាយរួមធ្វើជាអ្នកនយោបាយដែលពូកែ ត្រូវចេះបត់បែនតាមសភាពការណ៏ និងចេះរកផលចំណេញដល់ជាតិ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ការប្រកាន់យកនយោបាយប្រកបដោយព្រហ្មវិហារធម៌ សណ្ដោសប្រណី ទីបំផុតថ្ងៃទី០២ ខែធ្នូនេះ ក្នុងនាមជាមេដឹកនាំប្រទេសមួយរូប និងក្នុងនាមជាសិទ្ធិអំណាច ជានាយករដ្ឋមន្ត្រី, សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកបដោយភាពឯករាជ្យម្ចាស់ការ គ្មានការចរចារវាងបក្សនយោបាយ និងបក្សនយោបាយ គ្មានការគាបសង្កត់ជ្រៀតជ្រែក ឬដាក់សំពាធពីអន្តរជាតិណាមួយចំពោះការធ្វើសំណើទូលថ្វាយព្រះមហាក្សត្រ សុំប្រោសព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រខេត្តកំពង់ចាម ដែលត្រូវបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌ ស្ថាពរលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍។
សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកំពូលមួយដែលមានភាពប្រាកដប្រជា ហើយក៏ត្រូវបានគេមើលឃើថា មិនចូលចិត្តការគៀបសង្កត់ ប្រសិនបើមានការគៀបសង្កត់ ដាក់កាន់តែខ្លាំងរិតតែលែងបាន ប្រសិនបន្ទន់ឥរិយាបនិយាយរកគ្នា ពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយនោះអ្វីៗអាចនឹងដោះស្រាយបាន ដូចនៅថ្ងៃនេះអញ្ជឹង។
ការសម្រេចចិត្តយកថ្ងៃ២ធ្នូ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការធ្វើសំណើសុំលើកលែងទោសឲ្យលោក កឹម សុខា ដែលជាអ្នកតំណាងរាស្ត្រ ជាមេដឹកនាំគណបក្សប្រឆាំងមួយរូបនោះ វាមិនមែនជាការចៃដន្យនោះទេ។ ថ្ងៃ២ធ្នូ ដែលត្រូវបានគេដឹងថាគឺជាថ្ងៃ កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបបនប្រល័យពូជសាសន៏ប៉ុលពត ហើយថ្ងៃ២ធ្នូនេះ ក៏ជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមជួបចរចានយោបាយជាលើកដំបូង ជាមួយសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជានាឆ្នាំ១៩៨៧ផងដែរ។
សំណើលើកលែងទោសលោក កឹម សុខានេះ ក៏ត្រូវបានគេមើលឃើញថា គឺជាគុណធម៌របស់មេដឹកនាំប្រទេសមួយរូបក្នុងនាមជាខ្មែរដូចគ្នា បើទោះជាពេលខ្លះ មានទស្សនៈនយោបាយផ្ទុយគ្នាក៏ពិតមែន។ ប៉ុន្តែក៏មានបុគ្គលមួយចំនួនណានោះ តែងតែរមិលគុណ ភ្លេចអស់នូវគុណធម៌ ព្រហ្មវិហារធម៌ចំពោះអ្នកដែលធ្លាប់ បានជួយខ្លួន ធ្លាប់បានស្នើសុំលើកលែងទោសឲ្យខ្លួន ហើយតែងតែយកទោសទៅសងជាគុណដល់អ្នកដែលធ្លាប់បានជួយខ្លួនទៅវិញ៕