(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះកងយោធពលខេរមភូមិន្ទ បានថ្លែងថា ស្មារតីនៃ ការរួមតស៊ូរបស់ខ្មែរស្នេហាជាតិថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ គឺជាការផ្តល់ឱកាសឲ្យកម្ពុជាបានស្វែងរកឃើញជាថ្មីនូវពន្លឺសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងដូច្នេះក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជននៅក្នុងខេត្តកំពង់ស្ពឺជិតពីរពាន់នាក់ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងឱកាសចុះសួរសុខទុក្ខអតីតយុទ្ធជនក្នុងខួប ៣៨ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ ធ្នូ នាយឧត្តមសេនីយ៍ គន់ គីម ដែលមានតួនាទីជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនដែរនោះ បានរំលឹកថា ព្រោះតែការមិនអាចអត់ទ្រាំបានជាមួយការកាប់សម្លាប់ ដ៏ឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ឥស្សរជនខ្មែរ និងអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន បានរួមប្រមូលកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ និង បានតស៊ូប្រយុទ្ធរហូតវាយផ្តួលរំលំរបប ប៉ុល ពត និងទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះ «យើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ ធ្នូ និងជ័យជម្នះ ៧ មករា ដ៏ រុងរឿង ដែលបានមកពីការលះបង់អាយុជីវិត​ធ្វើមហាពលីកម្ម ប្រកបដោយវីរភាពខ្ពស់ របស់វីរយុទ្ធជន យុទ្ធនារី និង អ្នកស្នេហាជាតិយើង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន»

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់អតីតយុទ្ធជន ក៏ដូចជាពលរដ្ឋអ្នកស្រឡាញ់សន្តិភាព ត្រូវប្តេជ្ញា ថែរក្សាការពារសមិទ្ធផលសង្គមជាតិ ឲ្យស្ថិតស្ថេរ គង់វង្ស និងទប់ស្កាត់ មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចពីអតីតកាលទៀតឡើយ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកផងដែរថា ពីគំរូវីរភាពរបស់អតីតយុទ្ធជនខ្មែរ ដែលបានពលីកម្មសាច់ស្រស់ ឈាមស្រស់ប្រ យុទ្ធ ដ៏អង់អាចបំផុត ដើម្បីផ្តួលរំលំរបបដ៏ឃោរឃៅដឹកនាំដោយ ប៉ុល ពត នេះ។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ព្រោះការរលឹកនឹកដល់គុណបំណាច់របស់អតីតយុទ្ធនេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើតសមាគមអតីត​យុទ្ធជននៅ​ឆ្នាំ២០០៧។ សមាគមនេះ ដើរតួនាទីផ្តោតជាសំខាន់ទៅលើសុខ ទុក្ខរបស់អតីតយុទ្ធជន និងជំរុញឲ្យជីវភាពរបស់អតីតយុទ្ធជនមានភាពល្អប្រសើរ។

នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា សមាគមអតីតយុទ្ធជន បានសម្រេចលទ្ធផលផ្លែផ្កាជាច្រើន និងបានរួមចំណែកដល់ការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើន​ស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ពេលជួបគ្រោះថ្នាក់ ជួបការលំបាក ឬ មរណភាពជាដើម។ សមាគម ក៏បានដាក់ចេញទិសដៅអាទិភាពជាច្រើន ដូចជាការផ្តល់ប្រាក់មរណៈសង្រ្គោះ ឲ្យទាន់ថ្ងៃរៀបចំបុណ្យសព។

នាយឧត្តមសេនីយ គន់ គីម រាល់ពេលចុះសួរសុខទុក្ខអតីតយុទ្ធជននៅតាមបណ្តាខេត្តនានា ក៏តែងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ ព្រមទាំងអាជ្ញាធរផងដែរ ឲ្យយកចិត្តទុកដាក់ ចុះពិនិត្យ និងស្វែងយល់ស្ថានភាពជីវភាព សុខភាព របស់អតីតយុទ្ធជនក្នុងមូលដ្ឋានជាប្រចាំ។ ជាពិសេសផ្តល់លេខទំនាក់ទំនងឲ្យគ្នាទៅវិញទៅមក រវាងមេប៉ុស្តិ៍រដ្ឋបាល និង អតីតយុទ្ធជន ដើម្បីជួយអន្ត រាគមន៍ និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជនឲ្យទាន់ពេលវេលា៕