(កណ្តាល)៖ សិស្សវិទ្យាល័យ «សម្តេចតេជោហ៊ុន សែន ត្រើយស្លា» ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ចាប់ពីថ្នាក់ទី១០ដល់ទី១២ ប្រមាណ១៥០នាក់ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំគ្នាផ្ទុះការតវ៉ាដ៏ខ្លាំងមួយដោយមិនព្រមចូលរៀន ដោយសារតែពួកគេមិនអាចទ្រាំតទៅទៀត ចំពោះការគាបយកលុយពីសំណាក់នាយកសាលារបស់ខ្លួនលោក សុខ ពៅ។
ជាមួយគ្នានេះ លោកគ្រូនាយក សុខ ពៅ ក៏រងការចោទថា បានទះកំផ្លៀងសិស្សសាលាផងដែរ នៅពេលពួកគេចូលរួមតវ៉ានោះ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ហើយលោកក៏បានគំរាមមកលើអ្នកកាសែតថែមទៀតដោយស្រែកថា «ពុំមានសិទ្ធិនៅក្នុងការចុះយកព័ត៌មាននេះឡើយ ល្គិកណាតែមានការអនុញ្ញាតពីក្រសួងព័ត៌មានសិន»។
យោងតាមរបាយការណ៍សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា «សិស្សានុសិស្សថ្នាក់ទី១០,១១ និង១២ ប្រមាណ១០ថ្នាក់ នៃវិទ្យាល័យ «សម្តេចតេជោហ៊ុន សែន ត្រើយស្លា» ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ទុះការតវ៉ាទាមទារឲ្យមានដំណោះស្រាយបន្ទាន់ចំពោះលោកនាយក សាលា សុខ ពៅ ដែលបានប្រព្រឹត្តទង្វើពុករលួយមកលើពួកគេ និងបានទះកំភ្លៀងសិស្សម្នាក់អំឡុងពេលតវ៉ាថែមទៀតផង»។
បើតាមសមត្ថកិច្ច មូលហេតុដែលនាំមានការតវ៉ាដ៏ខ្លាំងមួយនេះ ក្រោយពីពួកគេបានចោទលោកគ្រូនាយក នូវការគាបសង្កត់យកលុយ អំពើពុករលួយ និងត្រូវការរកដំណោះស្រាយមួយចំនួនរួមមាន៖ ទី១-កូនសិស្សសុំមិនបង់ប្រាក់ឲ្យទៅសាលាក្នុងមួយខែ៥០០រៀលសំរាប់ម៉ោងកីឡា ទី២-សុំឲ្យអនុវត្តបទបញ្ជាផ្ទៃក្នុងចំពោះសិស្សដែលធ្វើខុស តែកុំយកលុយ ទី៣-សុំការចែកសៀវភៅពុម្ពឲ្យសិស្សខ្ចីតែកុំយកលុយម្នាក់២៥០០រៀល ទី៤-ពេលដាក់ពាក្យចូលរៀលកុំឲ្យយកលុយម្នាក់២៥០០រៀល ព្រោះខាងសាលាយករាល់ឆ្នាំទី៥-សុំឲ្យសិស្សដែលប្រឡងឆមាសធ្លាក់ ត្រូវតែឲ្យធ្លាក់កុំយកលុយឲ្យ បែរជាជាប់វិញព្រោះកន្លងមានរឿងនេះកើតឡើង និងមានរឿងរ៉ាវមួយចំនួនទៀត។
នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានថ្លែងប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីមានការតវ៉ាខាងលើនេះ ប្រធានការិយាល័យអប់រំ ស្រុកស្អាង បានចុះមកសម្របសម្រួល និងបានដោះស្រាយបញ្ចប់ហើយ ដោយយល់ព្រមតាមសំណើររបស់កូនសិស្សដែលទាមទារ។
ដោយឡែកអំពើហិង្សាដែលថា លោកគ្រូនាយកបានទះកំផ្លៀងកូនសិស្សពេលកំពុងតវ៉ានោះ លោកមិនទាន់បានទទួលព័ត៌មាននេះ ជាផ្លូវការនៅឡើយទេ ដោយរង់ចាំការសួរនាំសិន៕