(ព្រះសីហនុ)៖ ទីបំផុតវិវាទរវាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ឡារីតា ជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រសីហនុ ពាក់ព័ន្ធនឹងការឃាត់ទុក រថយន្តរបស់ក្រុមហ៊ុន ហើយមន្ត្រីគេចវេសមិនដោះស្រាយនោះ ត្រូវបានដោះស្រាយបញ្ចប់អស់ហើយ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ។
តំណាងក្រុមហ៊ុន ឡារីតា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានយល់ព្រមឲ្យយករថយន្តរបស់ក្រុមហ៊ុន មកបម្រើការងារ ដឹកជញ្ជូនភ្ញៀវទេសចរវិញដូចធម្មតា ខណៈដែលក្រុមហ៊ុន នឹងបំពេញបែបបទរដ្ឋបាល ឲ្យស្របតាមលក្ខខណ្ឌ ដែលអាជ្ញាធរបានកំណត់។
ដោយឡែងសម្រាប់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុវិញ បានសម្តែងនូវការសោកស្តាយ ចំពោះការអនុវត្តន៍ជ្រុលជ្រួស ឃាត់រថយន្តរបស់ក្រុមហ៊ុន ប៉ុន្តែបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧ព្រឹក មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចុះឃាត់ និងដកហូតរថយន្ត របស់ក្រុមហ៊ុន ឡារីតា ដែលកំពុងតែដឹកភ្ញៀវជាតិ និងអន្តរជាតិ រួចយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដោយអះអាងថា ក្រុមហ៊ុនមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងក្របខណ្ឌរដ្ឋបាល។
បន្ទាប់ពីមានការឃាត់ទុករថយន្តនេះ ក្រុមហ៊ុន បានធ្វើការទាក់ទងទៅមន្ត្រីមន្ទីរសាធារណការ ដើម្បីដោះស្រាយសុំដករថយន្តមកវិញ និងបំពេញឲ្យបានសព្វគ្រប់ នូវចំណុចខ្វះខាតផ្នែករដ្ឋបាល ប៉ុន្តែត្រូវបានមន្ត្រីមន្ទីរ រុញឲ្យទៅទាក់ទងមន្ត្រីការិយាល័យសាលាខេត្ត ហើយមន្ត្រីការិយាល័យសាលាខេត្ត រុញឲ្យទៅទាក់ទងមន្ត្រីមន្ទីរសាធារណការវិញ គឺមិនព្រមដោះស្រាយជូនឡើយ ដែលធ្វើឲ្យបះពាល់ដល់ការប្រកប អាជីវកម្មយ៉ាងខ្លាំង៕