(បាត់ដំបង)៖ ជនជាតិថៃមួយក្រុម បានបើកការបាញ់ប្រហារជាច្រើនគ្រាប់ មកលើពលរដ្ឋខ្មែរមានគ្នា ១០នាក់ ក្នុងពេលចូលទៅដាក់មងរកត្រីក្នុងទឹកដីថៃ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង និងម្នាក់ទៀតរងរបួសបាក់ដៃ។ នេះបើតាមការបញ្ជាក់របស់ជនរងគ្រោះ ដែលភ្នាក់ងារ Fresh News ទើបតែទទួលបាន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ។
ហេតុការណ៍ដ៏ភិតភ័យនេះ កើតឡើងនៅល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពលរដ្ឋខ្មែររងគ្រោះ ទី១.ឈ្មោះ ភឿន ផានី អាយុ២២ឆ្នាំ រងរបួសបាក់ជើងស្ដាំ នៅបៀមអំបែងគ្រាប់ជាប់ក្នុងជើង មិនទាន់អាចវះកាត់បាននៅឡើយ និងទី២.ឈ្មោះ សាន សាក់ អាយុ១៨ឆ្នាំ រងរបួសបាក់ដៃឆ្វេង ជនរងគ្រោះអ្នកទាំង២ រួមទាំងពលរដ្ឋខ្មែរ៨នាក់ទៀត រស់នៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះបានរៀបរាប់ថា ពួកគេបានលួចចូលទៅដាក់មងយកត្រី នៅក្នុងទឹកដីថៃ ដែលពួកគាត់បានលួចចូលតាមច្រកទីងមោង និងច្រកអូរគរគី ដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា ដោយកន្លងមក ពួកគាត់បានចូលទៅដាក់មងរកត្រី ៤ទៅ៥ដង មកហើយ។
លុះដល់ថ្ងៃចុងក្រោយនោះ ពួកគាត់បានយកមងទៅដាក់តាំង ពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា លុះដល់វេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ទើបពួកគាត់បានចូលទៅដោះយកត្រី ក៏ត្រូវជនជាតិថៃមួយក្រុម បានបាញ់មកលើពួកគាត់ជាច្រើនគ្រាប់ បណ្ដាលឲ្យរបួស២នាក់ និងខ្លះទៀតបានរត់គេចខ្លួនបាត់។
ចំណែកអ្នករងរបួសត្រូវគាប់កាំភ្លើង ប្រឹងរត់ទាំងឈឺចាប់ បានចម្ងាយប្រហែល ៣០០ម៉ែត្រ ទើបមានគេមកជួយសង្គ្រោះ ទាន់ពេលវេលាតែម្ដង។
ជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុ ពុំមានអ្នកណាម្នាក់ហ៊ានរាយការណ៍ដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍នោះឡើយ ដោយពួកគាត់ដឹងខ្លួនថា ជាអ្នកលួចចូលដីថៃដោយខុសច្បាប់ខ្លួនឯង គ្មានការអនុញ្ញាតអ្វីឡើយ។
ក្រោយពេលជួយសង្គ្រោះបានហើយ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារជួលរថយន្តដឹកបញ្ជូនទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកបាត់ដំបង៕