(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងតែរៀបចំគម្រោងអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅធ្វើ ទស្សនកិច្ច នៅប្រទេសជប៉ុននាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះលោកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ ជម្រាបសម្តេចតេជោថា ប្រទេសជប៉ុនរីករាយស្វាគមន៍ នឹងទទួលរ៉ាប់រងរៀបចំទាំងអស់ ចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ច ជាឯកជនរបស់សម្តេចតេជោ និងក្រុមគ្រួសារនៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោត នៅកម្ពុជា រួមទាំងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការបោះឆ្នោត នៅពេលខាងមុខនេះ។ ប្រទេសជប៉ុនជាប្រទេសមួយជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជាលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះ ខណៈសម្តេចអនុញ្ញាតឲ្យ លោក ហៃឌីហីសា ហូរិណុជិ (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមប្រាប់ភាគីជប៉ុនថា នៅថ្ងៃទី៨ ខែធ្នូ ២០១៦ខាងមុខនេះ សម្តេចនឹងអញ្ជើញ ទៅចូលរួមប្រារព្ធខួប ៥ឆ្នាំនៃ ក្រុមហ៊ុនមីនីបៀររបស់ជប៉ុន ដែលបានបណ្តាក់ទុនបង្កើតរោងចក្រផលិតម៉ូទ័រដ៏ធំមួយ នៅកម្ពុជាហើយ សង្ឃឹមថា នឹងបានជួបលោកអគ្គរដ្ឋទូតជប៉ុន ម្តងទៀតនៅទីនោះ។
លោក Hidehisa Horinouchi បានវាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍយ៉ាងច្រើននៅកម្ពុជាក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន។ ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាប្រទេសដៃគូរជាយុទ្ធសាស្ត្រដ៏សំខាន់។
លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានសំណូមពរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាបន្តសហការគាំទ្រចំពោះ បេសកកម្មការទូតរបស់លោកនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានត្រៀមទទួល សម្តេច និងកូនប្រុសនៅក្នុងដំណើរទស្សនកិច្ច ក្រៅផ្លូវការនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ នឹងជិះយន្តហោះជប៉ុន ដែលបានបើកការហោះត្រង់ពីជប៉ុនមកកម្ពុជា(ANA)ជាលើកដំបូងទៀតផង៕