(ភ្នំពេញ)៖ នៅសល់ពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២១ នៅអង្គរវត្ត ខេត្តសៀមរាប នឹងចាប់ផ្ដើមហើយ ពោលគឺនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ គ្រាដែលមកទល់ពេលនេះមានភ្ញៀវជាតិ និងអន្ដរជាតិ បានចុះឈ្មោះត្រៀមចូលរួមជាង ៩ពាន់នាក់ហើយ ដែលមកពី៨៥ប្រទេសលើពិភពលោកឯណោះ។ នេះបើយោងតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយ ក្នុងចំណោមកម្មវិធីកីឡាទេសចរណ៍ផ្សេងទៀត ដើម្បីផ្សព្វផ្សាយឲ្យឃើញពីភាពរីកចម្រើន និងសុខសន្ដិភាពក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញធុរៈកិច្ចទេសចរណ៍ និងភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើន ពិសេសគឺចូលទស្សនាប្រាង្គប្រាសាទប្រវត្តិសាស្ដ្ររបស់កម្ពុជា គឺប្រាសាទអង្គរវត្ត នៅលើទឹកដីខេត្តសៀមរាបតែម្ដង។
លោកបន្ដថា គិតត្រឹមថ្ងៃទី២ ខែធ្នូនេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៩ពាន់នាក់ហើយ ដែលបានមកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះមានជាង ៤ពាន់ជាប្រជាពលរដ្ឋខ្មែរ និងជាង ៥ពាន់នាក់ទៀត គឺជាភ្ញៀវអន្ដរជាតិដែលមកពី ៨៥ប្រទេសឯណោះ ខណៈកីឡាករ-កីឡាការិនីមកពីចក្រភពអង់គ្លេស ឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាមេរិកលេខ២ និងបារាំង លេខ៣ ក្នុងនាមអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ។
អគ្គលេខាធិការ NOCC ដដែលបានបន្ដថា គោលបំណងនៃរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ ក្រៅពីចង់ផ្សព្វផ្សាយពីប្រាង្គប្រាសាទប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយនោះ ក៏ដើម្បីផ្សាភ្ជាប់ជាមួយការងារសប្បុរសធម៌ តាមរយៈប្រមូលមូលនិធិ ដែលទទួលបានពីការចុះឈ្មោះ និងការឧបត្ថម្ភរបស់ក្រុមហ៊ុននានា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការកុមារកំព្រាជាច្រើនទៀតផងដែរ៕