(ភ្នំពេញ)៖ ក្នុងឱកាសបើកពិព័រណ៍សៀវភៅ នៅបណ្ណាល័យជាតិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានចេញគាំទ្រការបង្កើតឲ្យមានក្រុមអ្នកវាយតម្លៃ ស្នាដៃនិពន្ធសៀវភៅ ដែលមិនមែនរើសចេញពីជួរមន្រ្តីរាជការដោយគួរតែ រើសចេញពីម្ចាស់បណ្ណាល័យលក់សៀវភៅវិញ។
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅ ក្នុងឆ្នាំ២០១៦នេះ ត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះមានស្ដង់ដាក់តាំង ពិព័រណ៍សៀវភៅចំនួន ៦៥ស្ដង់ ដែលមានការចូលរួមពីសិស្សានុសិស្ស និស្សិត និងអ្នកពាក់ព័ន្ធជាច្រើនកុះករ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា «ខ្ញុំលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលព្យាយាមផលិតស្នាដៃរបស់ខ្លួន និងគាំទ្រការបង្កើតឲ្យមាន ក្រុមអ្នកវាយតម្លៃស្នាដៃអ្នកនិពន្ធសៀវភៅ តែកុំរើសចេញពីមន្រ្តីរាជការអី គួរតែរើសចេញពីក្រុមអាជីវករ ដែលជាម្ចាស់បណ្ណាល័យឯកជន ដែលលក់ចែកចាយសៀវភៅនានា នោះវិញ»។
ក្នុងឱកាសបើកពិព័រណ៍សៀវភៅនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមើលឃើញពីឧបសគ្គធំរបស់អ្នកនិពន្ធនានា ក្នុងការសរសេរ សៀវភៅមួយ គឺការចំណាយថ្លៃបោះពុម្ភសៀវភៅរបស់ខ្លួន គឺមានការលំបាកខ្លាំង ដែលការងារនេះ ចាំបាច់តម្រូវឲ្យពួកគាត់ត្រូវដើរស្វែងរក អ្នកជួយជ្រោមជ្រែង និងឧបត្ថម្ភជាមុនសិន។
លោករដ្ឋមន្រ្តីថា អ្នកនិពន្ធសៀវភៅមួយ ត្រូវតែជាអ្នកឯកទេសមួយដ៏ច្បាស់លាស់បំផុត គួរតែសរសេរសៀវភៅ តាមជំនាញឯកទេស របស់ខ្លួន មិនត្រូវសរសេរសៀវភៅតាមទីផ្សារអ្នកអាននោះទេ ដើម្បីឲ្យស្នាដៃរបស់ខ្លួន កាន់តែមានភាពស៊ីជម្រៅខ្លាំងឡើងៗ។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីក៏បានមើលឃើញថា ការអានសៀវភៅរបស់យុវជនកម្ពុជាសព្វថ្ងៃ គឺមានសន្ទុះខ្លាំងជាងមុន ដោយលោកបាន បញ្ជាក់ថា ក្នុង១ឆ្នាំៗ យ៉ាងតិចក៏មានសៀវភៅបោះពុម្ភ ១ម៉ឺនក្បាលដែរ ដែលលទ្ធលនេះ បានបញ្ជាក់ពីកំណើន នៃការអានសៀវភៅដ៏ច្រើន៕