(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទាន ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកសង្កែ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងបានសុខសន្តិភាពសព្វថ្ងៃនេះ គឺបានមកដោយសារគោលនយោនយោបាយរបស់រដ្ឋាភិបាល និងមួយផ្នែកបានមកពី ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជន ក្នុងការស្វែងរកសន្តិភាពជូនប្រជាជន ដែលនេះមោទនភាពសម្រាប់យើងទាំងអស់។ យើងជាមនុស្សជំនាន់ក្រោយ ត្រូវដឹងគុណបំណាច់នូវពលីកម្ម របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមិនបោះបង់អតីតយុទ្ធជនចោលនោះទេ បើទោះបីបានបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ»។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «គោលនយោបាយ និងយន្តការទាំងនេះ ដែលសមាគមអតីតយុទ្ធជនយកចិត្តទុកដាក់រៀបចំនេះ គឺដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់អតីតយុទ្ធជន និងសម្រាប់ទាំងអស់គ្នាដើម្បីការពារជាតិ សម្ដៅលើកស្ទួយទាំងកម្រិតជីវភាព និងលើកតម្កើនទាំងកិត្តិយស។ នេះហើយជាគុណធម៌ និងជាការដឹងគុណ ចំពោះអតីតយុទ្ធជនពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងយើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួនប្រមាណជិត៣,០០០នាក់ នៅស្រុកបវេល ស្រុកសង្កែ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដែលពិធិនេះត្រូវបានរៀបចំដោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាល អតីយុទ្ធជន កងកម្លាំងប្រដាប់អាវុធ គ្រួសារអតីតយុទ្ធជនជាច្រើននាក់ផងដែរ៕
http://image.freshnewsasia.com/2016/ID-113/fn-2016-12-02-12-00-01-7.JPG