(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូប ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាស្ថាបនិកមួយរូប នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបជុំគ្នាប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ ៣៨ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា»។
២ធ្នូ ១៩៧៨ ជាថ្ងៃដែលឥស្សរជន និងស្នេហាជាតិរបស់កម្ពុជាជាច្រើនរូប ដែលដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ក្រោមការជួយជ្រោមជ្រែងពីក្រោយដោយកងទ័ពវៀតណាម បានប្រមូលផ្តុំគ្នានៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើចលនាតស៊ូវាយផ្តួលរំលំរបប វាលពិឃាតកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ដែលបានរៀបចំធ្វើឡើងនៅសាលសន្នសីទចតុមុខសម្តេច ហេង សំរិន បានចាត់ទុកព្រឹត្តិការណ៍ ២ ធ្នូ ជាព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់ក្នុងបុព្វហេតុ នៃការរស់រៀនមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។
សម្តេច ហេង សំរិន បានថ្លែងថា «រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្រ្គោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ ធ្នូ បានជួយស្តារកសាងនិងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទីធ្វើឲ្យមាតុភូមិកម្ពុជា មានការប្រែប្រួលមុខមាត់ថ្មី ជាបន្តបន្ទាប់»។
សម្តេច ហេង សំរិន បន្តថា ក្រោមការប្រមូលផ្តុំនៅថ្ងៃទី០២ ធ្នូ និងការពលីដ៏អង់អាចក្លាយឥតរុញរា និងឥតស្តាយអាយុជីវិត របស់វីរៈអ្នកស្នេហាជាតិកម្ពុជាបានធ្វើឲ្យ កម្ពុជា បានងើបចេញជ្រោះមរណៈ និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនប្រជាជនរស់នៅសុខដុមរមនា ក្នុងសន្តិភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែ រួមសាមគ្គីគ្នាឈានទៅមុខលើមាគ៌ា នៃការអភិវឌ្ឍ។
សម្តេច ហេង សំរិន បានបន្ថែមថា ផ្តើមចេញពីស្មារតី ២ ធ្នូ និងជ័យជម្នះ ៧ មករា ១៩៧៩ និងក្រោមការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាលុបបំបាត់ ស្នាមបែកបាក់ប្រេះឆាក្នុងសង្គមជាតិ ធ្វើឲ្យកម្ពុជាមានសាមគ្គីភាព ជាតិកាន់តែរឹងមាំឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេច ហេង សំរិន ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឲ្យបណ្តាប្រទេស ជាច្រើន ទាំងក្នុងតំបន់ និងពិភពលោកកាន់តែមានចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។
ដើម្បីបន្តគំរូវីរភាពរបស់ដ៏ថ្លៃថ្លារបស់អ្នកស្នេហាជាតិ ដែលបានប្រឹងប្រែងបូចជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ និងរក្សាសមិទ្ធផលជាតិ នាពេលបច្ចុប្បន្ននេះ សម្តេច ហេង សំរិន បានប្រកាសថា នឹងប្តេជ្ញាការពារមាតុភូមិ និង ថែររក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស។
សម្តេច ហេង សំរិន បានថ្លែងដូច្នេះ «យើងទាំងអស់គ្នា ប្តេជ្ញាការពារមាតុភូមិ ថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស។ បន្តប្រឹងប្រែងកសាងកម្ពុជា ជាសង្គមមានការអភិវឌ្ឍន៍ រីកចម្រើន រុងរឿងក្នុងសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចពីអតីតកាល»។
សម្តេច ហេង សំរិន ក៏បានប្រកាសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលបានបង្កើតអង្គជំនុំជម្រះវិសាមញ្ញ នៅក្រោមច្បាប់កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋជនសំខាន់ៗ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ សម្តេច ហេង សំរិន ថា ជោគជ័យនៃដំណើរការ របស់សាលាក្តីខ្មែរក្រហម មិនគ្រាន់តែផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ដែលជាអ្នករង គ្រោះប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងនូវមូលដ្ឋានទប់ស្កាត់ មិនឲ្យឧក្រិដ្ឋកម្មបែបនេះ អាចនឹងកើតមានឡើងជាថ្មីទៀតនៅកម្ពុជា៕