(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្ម ពីការប្រើប្រាស់កម្លាំងអតិពលកម្ម ទៅជាកម្លាំងពលកម្មមានជំនាញខ្ពស់ នៅឆ្នាំ២០២៥ ដើម្បីតភ្ជាប់ចង្វាក់តម្លៃ និងធ្វើសមាហរណកម្មបណ្តាញផលិតកម្ម របស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីបើកសិក្ខាពិគ្រោះយោបល់ស្តីពី «ការជំរុញអនុវត្តន៍គោលនយោបាយ លើកកម្ពស់ផលិតកម្ម និងប្រើប្រាស់ផលិតផលក្នុងស្រុក, ការកសាងតម្លៃបន្ថែមលើផលិតផលក្នុងឧស្សាហកម្មទេសចរណ៍ និងការបង្កើនប្រសិទ្ធភាពខ្សែចង្វាក់តម្លៃម្រេចកម្ពុជា» នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។ សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីរាជការ ផលិតករ ពាណិជ្ជករ និងតំណាងដៃគូអភិវឌ្ឍន៍ជាង ៦០នាក់។
ក្នុងសិក្ខាសាលានេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសដៃគូ សេដ្ឋកិច្ចដូចជាសហគមន៍អឺរ៉ុប ចិន និងសហរដ្ឋអាមេរិក ដើម្បីធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ក្រោមកម្មវិធីអនុគ្រោះពន្ធផ្សេងៗ (EBA RCEP និង GSP) ដែលជាលទ្ធផលកម្ពុជាអាចសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយរៀងរាល់ឆ្នាំ ក្នុងមួយទសវត្សចុងក្រោយ។
លោករដ្ឋមន្ត្រីថ្លែងដូច្នេះ «កម្ពុជា ដែលពិភពលោកតែងឮថា ជាប្រទេសញាំញីដោយសារសង្គ្រាមច្រើនទសវត្សរ៍ និងពោរពេញ ដោយភាពក្រីក្រ ឥឡូវបានក្លាយជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានចាត់ទុកសិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃនេះថា ជាមធ្យោបាយដ៏ល្អមួយក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីអភិវឌ្ឍន៍ផលិតផល និងសេវាកម្មក្នុងស្រុក និងជាការផ្តល់មគ្គុទេសក៏សម្រាប់ផលិតករកម្ពុជា ធ្វើការពង្រឹងចង្វាក់ផលិតកម្ម និងគុណភាពទំនិញស្របតាមស្តង់ដារបច្ចេកទេស ដើម្បីប្រកួតប្រជែងទំនិញនាំចូល។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានសំណូមពរដល់អាជីវករ ពាណិជ្ជករ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ជួយគាំទ្រផលិតផលខ្មែរ ជាអតិបិរមា ដើម្បីផ្តល់ឱកាស និងកម្លាំងចិត្តជូនផលិតករ និងប្រជាកសិករខ្មែរ ប្រឹងប្រែងកែលម្អគុណភាពផលិតផល និងសេវាកម្ម កាន់តែប្រសើរ។
យោងតាមទិន្ន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានកំណើនគួរជាទីមោទនៈចាប់តាំង ពីឆ្នាំ២០០៥ គឺពីទំហំទឹកប្រាក់ ៦,៨២៨លានដុល្លារ ដល់ ៩,៦៨១លានដុល្លារ នៅក្នុងឆ្នាំ ២០១០ និងបានបន្តកើនឡើងដល់ ១៩,២១១លានដុល្លារកាលពីឆ្នាំ ២០១៥ កន្លងទៅនេះ៕