(កំពង់ធំ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អិុត សុធា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះថា នៅល្ងាចមិញចៅក្រមសាលាដំបូងខេត្ត បានសម្រេចដេញដីកា ឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារហើយ ដែលជាប់ពាក់ព័ន្ធ នឹងការចូលទៅកាប់ និងអារឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់។

លោក អិុត សុធា បានបញ្ជាក់ថា លោកបានចោទប្រកាន់ពួកគេ ហើយបញ្ជូនទៅដៃចៅក្រម ឃុំខ្លួនហើយតាំងពីល្ងាចមិញមកម្ល៉េះ។​ សូមបញ្ជាក់ថា ជនសង្ស័យ៣នាក់ ដែលបាននាំគ្នាចូលទៅអារឈើអារខុសច្បាប់ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ត្រូវ បានកម្លាំងមន្ត្រីបរិស្ថានប្រចាំការនៅទីនោះ ឃាត់ខ្លួន​ ប៉ុន្តែសម្រាប់ជនសង្ស័យម្នាក់ទៀត ត្រូវបានលោកព្រះរាជអាជ្ញា និងអភិបាលខេត្តអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ ដោយសារតែរូបគេ គ្រាន់តែរើសកំទេចកំទីឈើ ដើម្បីយកទៅធ្វើក្តាមឈូមសម្រាប់សាច់ញាតិដែលមានវ័យចាស់ជរា។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមូលដ្ឋាន ក៏សុំឲ្យមន្រ្តី និងតុលាការបន្តចាត់ការលើអ្នកនៅពីក្រោយខ្នង (ថៅកែ) ដែលបានជួលពួកគេទៅសីុឈ្នួល។

​លោក តុប កក្កដា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំ បានប្រាប់​ថា ជនសង្ស័យ៣នាក់ ដែលបាននាំគ្នាចូលទៅអារឈើអារខុសច្បាប់ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ហើយ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ពោធិរោង ចំណុចវាលត្រពាំងជ្រៃ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោកថា ជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ ស៊ិត មុំ ​អាយុ៣២ឆ្នាំ រស់នៅភូមិកុំពោតឈូក ឃុំខ្លែង ស្រុក សណ្តាន់ ទី២៖ឈ្មោះ ប៉ោក ឌួង​ អាយុ២៤ឆ្នាំ រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ និងទី៣៖ឈ្មោះ ទុយ តឿ អាយុ៣២ឆ្នាំ រស់នៅភូមិសំឱង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ក្នុងនោះកម្លាំងជំនាញដកហូតបាន ​ម៉ាស៊ីន (ង៉ោង) ត្រង់ស៊ីន័រចំនួន៤គ្រឿង ដងឡាម៤ និងច្រវ៉ាក់៤ខ្សែ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ស៊ិត មុំ និង​ឈ្មោះ ប៉ោក ឌួង បានសារភាពថា​ ពួក​គេគ្រាន់តែជាអ្នកស៊ីឈ្នួលអារឈើឲ្យលោកថៅកែម្នាក់ ឈ្មោះ តាំង រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ដែលបានឲ្យម៉ាស៊ីនត្រង់ស៊ីន័រ២គ្រឿង ចូលទៅអារឈើក្នុងតំបន់ព្រៃឡង់ ដោយឲ្យឈ្នួលក្នុង១ម៉ែត្រគូបថ្លៃ៧ម៉ឺនរៀល ទើបតែអា រឈើបានមួយសន្ទុះធំ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ទុយ តឿ បានសារភាពថា ខ្លួន​ជាអ្នកប្រកបរបរដងជ័រដើម្បីចិញ្ចឹមជីវិត នៅពេលដើរដងជ័ របានប្រទះឃើញដើមឈើតាត្រាវ ដែលដួលកប់នៅក្នុងដីជាយូរឆ្នាំមកហើយនោះ ក៏បានទៅខ្ចីរណារយន្តពីគេមកអារឈើតាត្រាវ ដែលដួលនោះ ក្នុងគោលបំណងយកមកធ្វើជាក្តាមឈូល ទូកសម្រាប់លោកយាយចាស់​ជរា ទើបតែអារបានបន្តិច ក៏ត្រូវឃាត់បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត​៕