(ភ្នំពេញ)៖ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា សវនាការលើស្រ្តីជនជាតិថៃម្នាក់​ ពីបទជួញដូរគ្រឿងពីទីក្រុងឌូបៃ ហើយត្រូវបានចាប់ខ្លូននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយថ្នាំជាង២,៥គីឡូក្រាម នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ។

ការប្រកាសពន្យាពេលបើកសវនាការលើស្រ្តីជួញដូរគ្រឿងញៀនរូបនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ដោយសារតែអង្គសវនាការអវត្តមាន មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន និងមន្រ្តីគយប្រចាំព្រលានយន្តហោះ។

សូមបញ្ជាក់ថា ជនជាប់ចោទក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននេះ ឈ្មោះ KAEWKANLAYA AMPHAWAN ភេទស្រីអាយុ២១ឆ្នាំ ជនជាតិថៃ មានទីលំនៅផ្ទះលេខ១៤២ តំបន់នងចាន់ខាវ ខេត្តនគររាជសីម៉ា ប្រទេសថៃឡង់។

នាពេលសវនាការកាលពីល្ងាចមិញ ស្រ្តីជនជាតិថៃរូបនេះ បានឆ្លើយថា នៅអំឡុងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ សង្សាររបស់នាងបានឲ្យរូបនាងធ្វើដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ដើម្បីជួបបងប្រុសរបស់ខ្លួនទទួលយករបស់បញ្ញើ។

ពេលទៅដល់ទីក្រុងឌូបៃក៏ជួបនិងបងប្រុសរបស់សង្សា ហើយបានយកកំប៉ុងដាក់ស្ករគ្រាប់សូកូឡាចំនួន១៥កំប៉ុង មកឲ្យនាងយកទៅឲ្យប្អូនប្រុសគាត់នៅប្រទេសថៃ។ បន្ទាប់មក ក៏ជិះយន្តហោះធ្វើដំណើរទៅប្រទេសបារ៉ែនស្នាក់នៅ៣ថ្ងៃ។

លុះដល់ថ្ងៃកំណត់ក៏ជិះយន្តហោះមកទីក្រុងឌូបៃវិញ ហើយដូរជើងយន្តហោះធ្វើដំណើរទៅប្រទេសកាតា និងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង។

ជនជាប់ចោទបានសារភាពទៀតថា រាល់ពេលដូរជើងយន្តហោះម្តងៗ នាងបានទាក់ទងទៅសង្សារបស់នាង ហើយសង្សានាងបានឲ្យមកចុះនៅកម្ពុជា ហើយគាត់ក៏ធ្វើដំណើរមកកម្ពុជាដែរ តែសមត្ថកិច្ចបានចាប់ខ្លូននាងមុនពេលសង្សានាងមកដល់ទៅទៀត។

តាមរបាយការណ៍របស់សមត្ថកិច្ចព្រលានយន្តហោះ បានបញ្ជាក់ថា ថ្នាំញៀនដែលរឹបអូសពីស្ត្រីជនជាតិថៃរូបនេះ មានទំងន់២៥៩៤,៥៦ក្រាម ជាប្រភេទថ្នាំញៀនកាកូអុីន ដាក់នៅក្នុងកំប៉ុងស្ករសូកូឡាចំនួន១៥កំប៉ុង៕