(តាកែវ)៖​ នៅក្នុងការចុះត្រួតពិនិត្យរថយន្តធុនធំ ដែលធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ២ នៅក្នុងស្រុកបាទីនិងស្រុកគីរីវង់​ ព្រមទាំងការចុះត្រួតពិនិត្យ នៅទីតាំងរោង​ជាងជួសជុលរថយន្តមួយកន្លែង នៅក្នុងក្រុងដូនកែវក្នុងរយៈពេលប្រមាណ២ថ្ងៃនេះ ក្រុមការងារត្រួតពិនិត្យរថយន្ត​ ខុសលក្ខណៈបច្ចេកទេសរបស់ខេត្តតាកែវ បានធ្វើការឃាត់រថយន្តធំៗ ជាង៥០គ្រឿង  និងបានកាត់កន្ទុយរថយន្តដែលតខុសពី លក្ខណៈបច្ចេកទេសចំនួន១០គ្រឿង។

លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេស ខេត្តតាកែវបានបញ្ជាកលនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះថា រថយន្តដែលក្រុមការងារ ស្ទាក់ឃាត់គឺភាគច្រើនលើសលប់ ដែលមានលក្ខណៈខុសបច្ចេកទេស ពោលគឺម្ចាស់រថយន្តបាននាំគ្នា កែច្នៃរថយន្តដោយនាំគ្នាតំឡើងលើ និងនាំគ្នាតកន្ទុយនិងភ្លៅរថយន្តជាដើម។

លោកបានថ្លែងថា «ខ្ញុំបានបញ្ជាឲ្យម្ចាស់រថយន្តដែលតកន្ទុយត្រូវតែ ហៅជាងមកកាត់កន្ទុយចោល នៅនិងកន្លែងឬមួយឲ្យក្រុមការងារ ជាអ្នកកាត់ឲ្យ ដោយម្ចាស់រថយន្តជាអ្នកចេញលុយថ្លៃកាត់»

លោកអភិបាលរងខេត្តបានបន្តថា ដោយឡែករថយន្តណា ដែលមានការកែឆ្នៃខុសលក្ខណៈបច្ចេកទេសបន្តិចបន្តួច យើងបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាមួយក្រុមការងារ ថានិងកាត់កន្ទុយដែល តចោលក្នុងរយៈពេលខ្លីមួយ។ ហើយបើគាត់មិនធ្វើតាម កិច្ចសន្យាទេ បើក្រុមការងារចុះមកពិនិត្យម្ដងទៀត ឃើញរថយន្ត នៅតែធ្វើចរាចរណ៏ដោយ ខុសលក្ខណៈបច្ចេកទេសបន្តទៀត យើងនឹងកាត់ចោល ដោយខ្លួនឯងហើយនិង មានការផាកពិន័យបន្ថែមទៀត។

បើតាមលោកអភិបាលរងខេត្តតាកែវ ខាន់ សុខា នៅក្នុងការចុះស្ទាក់ចាប់រថយន្ត ខុសលក្ខណៈបច្ចេកទេសនោះ ក៏មានការទូរស័ព្ទ អន្តរាគនមន៍មករូបលោក ជាច្រើនផងដែរ ដោយស្នើសុំឲ្យដោះលែងរថយន្ត ក៏ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្កា មិនព្រមដោះលែងរថយន្តខុសបច្ចេកទេសទាំងអស់នោះទេ និយាយជារួមគឺ យើងគ្មានការយោគយល់ដល់អ្នកណាទាំងអស់ ។

ម្យ៉ាងទៀតលោករួមនិងក្រុមការងារ និងបន្តសកម្មភាពរបស់ខ្លួនឲ្យ បានខ្លាំងក្លាថែមទៀត​​ ដើម្បីធ្វើយ៉ាងណាបញ្ឈប់ឲ្យអស់នៅ​រថយន្តខុសបច្ចេកទេស បើកបរលើផ្លូវនៅក្នុងខេត្តតាកែវ៕