(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុង បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការ ការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារ សាមគ្គីហ៊ុយគាំង ស្ថិតនៅក្នុងសង្កាត់ស្លក្រាមក្រុងសៀម រាប ខេត្តសៀម រាប ។

បន្ទាប់ពីបានធ្វើវិភាគបឋម ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារចំនួន 13មុខ ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួនរួមមាន  អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ ទំពាំងជ្រក់ ខ្ញីហាន់រួច សណ្តែកបណ្តុះ ស្កត្នោត គុយទាវសរសៃធំ គុយទាវសរសៃតូច មីសរសៃលឿង សាច់ក្រក ប្រហុកសាច់ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium, Hydrosulfite, Formalin, Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យលើ ផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក្រុមការងារក៏ពុំបានរកឃើញ ផលិតផលប្រែប្រួលខូចគុណភាពហួសកាលបរិច្ឆេទ ប្រើប្រាស់ដែរ ។

ទន្ទឹមនិងការងារត្រួតពិនិត្យ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕