(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មេដឹកនាំរបបទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានទៅពិនិត្យ និងដឹកនាំដោយផ្ទាល់នៃការធ្វើសមយុទ្ធយោធាបាញ់កាំភ្លើងធំ ត្រៀមទុកវាយប្រហារទៅលើកូរ៉េខាងត្បូង ស្របពេលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបាន អនុម័តលើដំណោះស្រាយដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសកុម្មុយនីស្ដឯកោមួយនេះកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់កាំភ្លើងធំរបស់កងអង្គភាពសមរភូមិជួរមុខ ដែលទទួលបន្ទុកក្នុងករណីមានការវាយប្រហារទៅលើតំបន់កោះកូរ៉េខាងត្បូងនៅជាប់ព្រំដែនសមុទ្រអន្តរកូរ៉េក្នុងសមុទ្រលឿង។ KCNA បានបន្ថែមដោយដកស្រង់ពាក្យសម្ដីលោក គីម ជុងអ៊ុន ថា «បើសិនជាសង្រ្គាមផ្ទុះឡើង កងទ័ពកូរ៉េខាងជើងទាំងអស់ ត្រូវតែធ្វើឱ្យកងទ័ពកូរ៉េខាងត្បូងឈឺចាប់ ដើម្បីកាត់ផ្ដាច់ឆន្ទៈប្រយុទ្ធរបស់ពួកគេហើយត្រូវតែកម្ទេចកូរ៉េខាងត្បូងឱ្យក្លាយទៅជាផេះ»។
គួររំលឹកថាពាក់ព័ន្ធនឹងការគំរាមរបស់លោក គីម ជុងអ៊ុន យោធាកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងធ្វើការ ឆ្លើយតបវិញដោយឥតត្រាប្រណីឡើយក្នុងករណីទីក្រុងព្យុងយ៉ាង ពិតជាវាយប្រហារទៅលើកោះ Baengnyeong និងកោះ Yeonpyeong នោះ៕