(ម៉ាឡេស៊ី)៖ ឧកញ៉ា អូស្មាន ហាស្សាន់ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពជាទទួល បន្ទុកទំនាក់ ទំនងសហគមន៍ឥស្លាម បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំគណបក្សសហព័ន្ធជាតិ ម៉ាឡេស៊ី UMNO ក៏ដូចជាប្រជាពលរដ្ឋម៉ាឡេស៊ី មានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ជាពិសសបានអនុញ្ញាតជាគោលការណ៍ដល់សាសនិកឥស្លាម ស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ តាមបែបឥស្លាម រៀបចំការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម លក្ខណៈថ្នាក់ជាតិ និងជ្រើសរើសករី ករីអះ ទៅចូលរួមប្រលងជាលក្ខណៈអន្តរជាតិ និងនៅក្នុងតំបន់ រៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមថ្នាក់ជាតិជារៀងរាល់ឆ្នាំជាដើម។
ជាមួយគ្នានេះម៉ាឡេស៊ី បានរួមចំណែកអភិវឌ្ឍន៍លើកស្ទួយសហគមន៍ឥស្លាមកម្ពុជា តាមរយៈជំនួយឧបត្ថម្ភមនុស្សធម៍ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍សិស្សនិស្សិត បានបន្តការសិក្សានៅតាមសកលវិទ្យាល័យនានានៅប្រទេសម៉ាឡេសីុ ជួយសាងសង់វិហារ សាលារៀន វគ្គបណ្តុះបណ្តាលគ្រូបង្រៀន សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាមការគ្រប់គ្រងវិស័យ ហាឡាល់ ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។
ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងបែបនេះ ខណៈលោក អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO តបតាមការអញ្ជើញរបស់អគ្គលេខាធិការគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ដែលជាគណបក្សកាន់អំណាច នៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន២,៧៩៤នាក់ ដែលជាតំណាងថ្នាក់ដឹកនាំសមាជិកបក្សមកពីទូទាំងប្រទេសម៉ាឡេស៊ី និងតំណាងមកពី១៩ប្រទេស និង២៧គណបក្សកាន់អំណាច អញ្ជើញចូលរួមជាអ្នកអង្កេតការ និងភ្ញៀវកិត្តិយស ក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសនាឆ្នាំ២០១៦។
ក្រោយពី បញ្ចប់មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសរបស់ គណបក្សUMNO រដ្ឋមន្រ្តី បានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបានពាំនាំការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពជាមួយ ជាមួយ ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស Tengku Adnan Bin Tengku Mansor អគ្គលេខាធិការគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO រួមនឹងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត៕