(មូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បានប្រកាសឱ្យដឹងថា យានអវកាសរបស់ខ្លួនដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ស្បៀងអាហារ និងប្រេងឥន្ធនៈជាង ២.៦តោន សម្រាប់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) បានផ្ទុះឆេះនៅលើអាកាសក្នុងរយៈពេល៦នាទី បន្ទាប់ពីត្រូវបានបាញ់បង្ហោះចេញពីស្ថានីយ៍បាញ់បង្ហោះ Baïkonour ក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈមូលហេតុផ្ទុះពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
យានអវកាស MS-04 បានធ្លាក់នៅចំងាយពី ៦០ទៅ ៧០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Kyzyl នៃភាគខាងត្បូងតំបន់ស៊ីបេរី ដោយមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។ ដោយឡែកជុំវិញ ការផ្ទុះឆេះយាននេះដែរ ទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បញ្ជាក់នៅលើ Twitter របស់ខ្លួនថា «ដោយសារតែបញ្ហាស្ថានភាពមិនប្រក្រតី យើងបានបាត់បង់យានអវកាស MS-04 នៅរយៈកម្ពស់ ១៩០គីឡូម៉ែត្រ ពីលើតំបន់ដែលគ្មានមនុស្សរស់នៅ នៃភាគខាងត្បូងតំបន់ស៊ីបេរី ហើយភាគច្រើននៃបំណែកនៃយាននេះ បានផ្ទុះឆេះនៅលើអាកាស»។
គួរបញ្ជាក់ថាបំណែកយានអវកាស MS-04 ត្រូវបានគេរកឃើញនៅ ឯសាធារណរដ្ឋ Touva (ទឹកដីរុស្ស៊ី) នៅតំបន់ស៊ីបេរី៕